(អូតាវ៉ា)៖ ទីក្រុងអូតាវ៉ា (Ottawa) ប្រទេសកាណាដា នៅថ្ងៃសុក្រសប្ដាហ៍នេះ បានរៀបចំបញ្ជូនយន្តហោះយោធា និងជំនួយផ្សេងៗទៀត ដើម្បីជម្លៀសប្រជាជនចេញពីភ្លើងឆេះព្រៃ ដែលបានឆាបឆេះជាង ១៤០កន្លែងនៅភាគខាងលិចនៃប្រទេសកាណាដា ដែលត្រូវបានគេជឿជាក់ថា បង្កឡើងដោយរលកកម្ដៅដ៏អាក្រក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
បើតាមក្រុមពន្លត់អគ្គីភ័យកាណាដា យ៉ាងហោចណាស់មានភ្លើងឆេះព្រៃចំនួន ១៤៣កន្លែង កំពុងឆាបឆេះនៅក្នុងខេត្ត ប្រ៊ីតធីស ខូឡុំបៀ (British Columbia) ក្នុងនោះមានភ្លើងឆេះព្រៃចំនួន ៧៧កន្លែងបានឆាបឆេះក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលភាគច្រើនបណ្តាលមកពីរន្ទះបាញ់។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិកាណាដា លោក ហាជីត សាចចាន (Harjit Sajjan) បានគូសបញ្ជាក់ប្រាប់បន្ថែមថា ឧទ្ធម្ភាគចក្រយោធា និងយន្តហោះដឹកជញ្ជូនប្រភេទ ហឺខាល់ស៍ (Hercules) កំពុងត្រូវបានបញ្ជូន ដើម្បីប្រយុទ្ធប្រឆាំង និងជម្លៀសប្រជាជនរបស់យើង ចេញពីភ្លើងឆេះព្រៃទាំងនោះហើយ។
មនុស្សប្រមាណ ១,០០០នាក់បានជម្លៀសខ្លួនចេញពីភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅក្នុងខេត្ត British Columbia នេះ ខណៈអាជ្ញាធរកំពុងព្យាយាមស្វែងរក មនុស្សជាច្រើននាក់ទៀត ដែលកំពុងបាត់ខ្លួន។ ប្រជាជនដែលរស់នៅទីក្រុង លីតតុន (Lytton) ដែលស្ថិតនៅចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រពីទីក្រុង វែនខូវើ (Vancouver) ភាគឦសាននៃខេត្ត British Columbia ក៏ត្រូវបានជម្លៀសចេញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះផងដែរ ដោយសារភ្លើងឆេះព្រៃ បានឆាបឆេះភ្លាមៗ និងរាលដាលយ៉ាងឆាប់រហ័សនៅទីនោះ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីសីតុណ្ហភាព នៅក្នុងខេត្ត British Columbia នៃប្រទេសកាណាដានេះ បានកើនឡើងខ្ពស់បំផុតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ គឺរហូតដល់ ៤៩.៦អង្សាសេ៕