(ប៉េកាំង)៖ «បក្សកុម្មុយនិស្តចិននិងប្រជាជនចិន នឹងបន្តឈានទៅមុខយ៉ាងអង់អាចក្លាហានតាមមាគ៌ា ដែលខ្លួនបានជ្រើសរើស ក្តាប់ជាប់យ៉ាងមុតមាំនូវជោគវាសនា នៃវឌ្ឍនភាពជាតិក្នុងដៃរបស់ខ្លួន។» ក្នុងមហាសន្និបាតអបអរសាទរខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រកាសយ៉ាងម៉ឺងម៉ាត់ចំពោះទូទាំងពិភពលោក ។
តើនេះជាផ្លូវយ៉ាងម៉េច? ផ្លូវនេះមានឈ្មោះគួរឱ្យកត់សម្គាល់ គឺផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន ។ ផ្លូវនេះមិនមែនបង្កើតឡើងដោយគ្មានទីសំអាងនោះទេ គឺបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនស្វែងរកបាន ដោយបានពុះពារឧបសគ្គគ្រប់បែបយ៉ាងនិងបង់ថ្លៃយ៉ាងខ្លាំង ហើយត្រូវបញ្ជាក់តាមរយៈការអនុវត្តជាក់ស្តែងថា ផ្លូវនេះជាផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់បង្កើតជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជន និងសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។
ក្នុងរយៈពេល១០០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានចាត់ទុកលទ្ធិម៉ាក្សនិយមជាទស្សនៈណែនាំ ដឹកនាំប្រជាជនចិនទាំងអស់ពុះពារឧបសគ្គ សម្រេចបាននូវឯករាជ្យជនជាតិនិងរំដោះប្រជាជន ធ្វើឱ្យប្រទេសចិនបានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ធ្វើឱ្យេជីវភាពរបស់ប្រជាជនប្រែពីមានបញ្ហាហូបចុកមិនឆ្អែត និងស្លៀកពាក់មិនគ្រប់គ្រាន់ ក្លាយទៅជាសម្រេចបាននូវផលិតផលក្នុងស្រុក សរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ លើសពី១ម៉ឺនដុល្លារអាមេរិក ដែលបានបង្កើតអច្ឆរិយខាងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពយូរអង្វែងក្នុងសង្គម ព្រមទាំងបានស្វែងរកនិងដើរតាមផ្លូវសង្គមនិយម ប្រកបដោយលក្ខណៈពិសេសរបស់ចិន ។ ប្រវត្តិសាស្ត្ររយៈពេល១០០ឆ្នាំ បានបញ្ជាក់យ៉ាងពេញលេញថា មានតែសង្គមនិយមទើបអាចជួយសង្គ្រោះប្រទេសចិន មានតែសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន ទើបអាចអភិវឌ្ឍប្រទេសចិន ។
ក្នុងនាមជាបក្សកាន់អំណាចធំបំផុតលើពិភពលោក ផ្លូវអភិវឌ្ឍន៍ដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនរួមគ្នាស្វែងរកនេះ ក៏បានបំពេញបន្ថែមថាមពលវិជ្ជមាន សម្រាប់ការអភិវឌ្ឍនិងរីកចម្រើននៃពិភពលោកផងដែរ។ ច្រើនឆ្នាំកន្លងទៅនេះ អត្រារួមចំណែករបស់ប្រទេសចិនក្នុងកំណើនសេដ្ឋកិច្ចពិភពលោក បានរក្សាតួលេខប្រហែល៣០ភាគរយជាប់រហូត ហើយតាមការប៉ាន់ប្រមាណ គម្រោងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ដែលកំពុងអនុវត្តនឹងធ្វើឱ្យមនុស្សចំនួន៧លាន៦សែននាក់ របស់ប្រទេសពាក់ព័ន្ធចេញផុតពីភាពក្រីក្រកម្រិតធ្ងន់បំផុត និងមនុស្សចំនួន៣២លាននាក់ចេញផុតពីភាពក្រីក្រកម្រិតមធ្យម ក្រៅពីនេះ ប្រទេសចិនបានសកម្មអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាស ហើយបានប្រកាសគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញការបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន លនិងល ការអភិវឌ្ឍន៍របស់ចិនបានជំរុញយ៉ាងខ្លាំង នូវការអភិវឌ្ឍន៍រួមរបស់ពិភពលោក ។
ក្នុងផ្លូវអភិវឌ្ឍន៍ថ្មី បក្សកុម្មុយនិស្តចិននឹងសកម្មរៀនសូត្រ ពីសមិទ្ធផលដ៏ល្អប្រសើរទាំងអស់នៃអរិយធម៌របស់មនុស្សជាតិ ហើយក៏រីករាយទទួលសេចក្តីសំណើដ៏មានអំណោយផល និងការរិះគន់ប្រកបដោយសុទ្ធចិត្ត ប៉ុន្តែដាច់ខាតមិនទទួលយកពាក្យប្រៀនប្រដៅបែបក្រអឺតក្រទម ។
ការអនុវត្តជាក់ស្តែងនិងពេលវេលាសុទ្ធតែបានបញ្ជាក់ថា ផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិននេះ គឺដើរបាននិងដើរដោយត្រឹមត្រូវ ហើយក៏មុខជានឹងនាំមកនូវអនាគតកាន់តែភ្លឺស្វាង ដល់ប្រទេសចិននិងពិភពលោកជាមិនខាន ៕