(អាមេរិក)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ អាជ្ញាធរអាមេរិកបានចេញបញ្ជាឲ្យជម្លៀស មនុស្សទាំងអស់ដែលស្នាក់នៅក្នុងអគារខុនដូមួយកន្លែង នៅរដ្ឋ Florida ក្រោយកំណត់ថា សំណង់អគារនោះមិនមានសុវត្ថិភាព ខណៈចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងករណីលំអគារខុនដូមួយកន្លែងទៀត នៅរដ្ឋ Florida ដដែល បានកើនដល់២២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

អ្នកដែលស្នាក់នៅក្នុងអគារខុនដូ Crestview Towers ក្នុងរដ្ឋ Florida ច្រើនជាង៣០០នាក់ ត្រូវបានអាជ្ញាធរបង្គាប់ឲ្យជម្លៀសខ្លួនចេញភ្លាមៗ ក្រោយក្រុមវិស្វករបានរកឃើញ មានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងគុណភាពស៉ីម៉ង់ ព្រមទាំងបណ្តាញអគ្គិសនីរបស់អគារនោះ។ ការចេញបញ្ជានេះ ត្រូវបានចាត់ទុកជារឿងចាំបាច់បន្ទាន់ ដោយសារតែរដ្ឋ Florida ត្រូវបានព្យាករថា នឹងរងការបោកបក់ពីព្យុះហឺរីខិនឈ្មោះ Elsa នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា សម្រាប់ករណីរលំអគារខុនដូន Champlain Towers កម្ពស់១២ជាន់ ដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយនោះ គឺតួលេខអ្នកបាត់បង់ជីវិត បានកើនដល់២២នាក់ ក្រោយក្រុមអ្នករុករកទើបយកបានសាកសព៤នាក់ទៀត ខណៈចំនួនអ្នកបាត់ខ្លួនគឺ១២៦នាក់។ មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅមានជីវិតឡើយ ខណៈអគារខុនដូនោះបានរលំជាងមួយសប្តាហ៍មកហើយ៕