(វ៉ាស៉ីនតោន)៖ ស្ថានទូតចិនបានប្រកាសថា ប្រទេសចិននឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ចំនួន ១.៥លានដូសទៅកាន់ប្រទេសអ៊ែលសាលវ៉ាឌ័រ (El Salvador) ពោលគឺតែ ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីសេតវិមានទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ចំនួន ១.៥លានដូស ទៅកាន់ប្រទេសអាមេរិកកណ្ដាលមួយនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
ប្រធានាធិបតីអ៊ែលសាលវ៉ាឌ័រ លោក ណាយីព ប៊ូគែល (Nayib Bukele) បានឆ្លើយតបទៅនឹងការបរិច្ចាគរបស់ប្រទេសចិន ដោយបង្ហោះសារនៅលើបណ្ដាញសង្គម Twitter នូវសេចក្តីប្រកាសរបស់ស្ថានទូត និងដាក់ទង់ជាតិចិន នៅជាប់នឹងប្រទេសរបស់លោក។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទាន់ធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់សេតវិមាននៅឡើយទេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំង Moderna ទៅកាន់ប្រទេសអ៊ែលសាលវ៉ាឌ័រ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈប្រទេសចិនក៏បាននិយាយថា ខ្លួននឹងបញ្ជូនវ៉ាក់សាំង Sinovac នៅប៉ុន្មានថ្ងៃខាងមុខនេះទៀតដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអេលសាវ៉ាឌ័រ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៧៨,៧៦៦ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៩៣នាក់ និងអ្នកជាសះស្បើយ ៧២,៥៧២នាក់៕