(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកបានអះអាងថា វ៉ាក់សាំងម៉ូឌែណា (Moderna) ចំនួន ០៤លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីទប់ទល់ការឆ្លងរាតត្បាតជំងឺ COVID-19 នៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ហ្ស៊លលីវែន (Jake Sullivan) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsui) ភាគទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក អំពីស្ថានការណ៍នៃជំងឺ COVID-19 ដែលកំពុងរាតត្បាតខ្លាំង នៅក្នុងប្រទេសអាស៊ានមួយនេះ។ ក្នុងពេលនោះដែរ សហរដ្ឋអាមេរិកបានព្រមព្រៀងផ្តល់ វ៉ាក់សាំង Moderna សរុប ០៤លានដូស ដល់ឥណ្ឌូណេស៊ី តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានប្តេជ្ញា ក្នុងការជួយគាំទ្រប្រជាជនឥណ្ឌូណេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយជំនួយបន្ថែមទៀត នឹងត្រូវផ្តល់ជូនឥណ្ឌូណេស៊ីនៅពេលអនាគត។ លោក Jake Sullivan បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាល បៃដិន-ហារីស កំពុងដាក់ការយកចិត្តទុកដាក់ខ្លាំង លើប្រទេសឥណ្ឌូណេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ហើយក៏នឹងរួមសហការគ្នា ដើម្បីធ្វើឲ្យជំងឺរាតត្បាតសកលនេះ ឈានទៅរកទីបញ្ចប់ផងដែរ៕