(វ៉ាស៊ីនតោន)៖ តើពេលណាទើប COVID-19 រលាយបាត់? តើពេលណាទើបយើងអាចត្រឡប់ទៅរកជីវភាពរស់នៅដូចធម្មតាវិញ? ហើយថាតើពេលណាយើងអាច

ធ្វើដំណើរទៅគ្រប់ទីកន្លែង, អាចអង្គុយហូបចុក, ជួបជុំមិត្តភក្តិដោយមិនចាំបាច់ពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព ឬមិនចាំបាច់ភិតភ័យ? ទាំងនេះគឺជាសំណួរដែលមនុស្សម្នា កំពុងនាំគ្នាចោទសួរ ចំពេលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងការគំរាមកំហែងសាជាថ្មីដោយសារវីរុស COVID-19 បម្លែងថ្មី Delta (វីរុសបម្លែងថ្មីមានប្រភពដើមនៅឥណ្ឌា)។

កាលពីមួយរយៈពេលមុន ប្រទេសមួយចំនួនដែលទទួលជោគជ័យក្នុងការទប់ស្កាត់ COVID-19 ដូចជា អូស្ត្រាលី, នូវែលសេឡង់ និងអ៉ីស្រាអែលជាដើមបានលុបចោល វិធានការរឹតត្បិតនានា ដោយអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនត្រឡប់ទៅរស់នៅជីវភាពបែបធម្មវិញ ដោយមិនចាំបាច់ម៉ាស់។ ប៉ុន្តែ ប្រទេសទាំងនេះស្រាប់តែដាក់ចេញ ឡើងវិញនូវវិធានការរឹតត្បិត រីឯខ្លះទៀតអនុវត្តវិធានការបិទខ្ទប់ ឬ Lockdown មួយផ្នែក ដោយសារតែបារម្ភពីការកើនឡើងករណីឆ្លង COVID-19 ថ្មីៗ បង្កឡើយដោយ វីរុសបម្លែងថ្មី Delta។ ទាំងអស់នេះជាសញ្ញាខ្លះៗ បង្ហាញយ៉ាងច្បាស់ថា COVID-19 មិនបានទៅណាឆ្ងាយពីពួកយើងនោះទេ។

*តើពេលណា ទើប COVID-19 រលាយបាត់?

នេះជាសំណួរដែលមិនទាន់មានអ្នកណាអាចផ្ដល់ចម្លើយជាក់លាក់នៅឡើយទេ។ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងភាគច្រើន រួមទាំងអង្គការ WHO ផ្ទាល់ធ្លាប់បានព្រមានថា COVID-19 នឹងមិនរលាយបាត់ទៅណានោះទេ ហើយប្រជាជននៅជុំវិញពិភពលោកត្រូវតែរៀនសម្របខ្លួន និងត្រៀមខ្លួនរស់នៅជាមួយវាទៀតផង។ ក្រុមអ្នកជំនាញគិតថា វីរុស SARS-CoV-2 បង្កជំងឺ COVID-19 អាចនឹងក្លាយជា «វីរុសត្រំាត្រែង ឬ endemic» នៅក្នុងសហគមន៍ រស់នៅជាមួយពួកយើងជារៀងរាល់ថ្ងៃ ដូចជាជំងឺផ្ដាសាយ ឬវីរុស HIV ជាដើម។ ដូច្នេះបើ COVID-19 នឹងមិនរលាយបាត់ទៅណា តើយើងអាចត្រឡប់ទៅរកការរស់នៅដូចធម្មតាវិញដែរឬទេ?

*តើពេលណា យើងអាចត្រឡប់ទៅរកជីវិតធម្មតាវិញ?

ស្របពេលអ្នកជំនាញព្រមានថា COVID-19 នឹងមិនទៅណាឆ្ងាយពីពួកយើង តែវាក៏មិនប្រាកដថាយើងត្រូវបន្តរស់នៅក្រោមវិធានការរឹតត្បិតជារៀងរហូតនោះដែរ។ នាយកប្រតិបត្តិក្រុមហ៊ុនឱសថអាមេរិក Pfizer លោក Albert Bourla បានព្យាករថាបណ្ដាប្រទេសអ្នកមានអាចនឹងត្រឡប់ទៅរកជីវិតធម្មតានៅចុងឆ្នាំ២០២១នេះ រីឯបណ្ដា ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍអាចនឹងត្រូវរង់ចាំងរហូតដល់ឆ្នាំ២០២២ ហើយនៅដំណាច់ឆ្នាំ២០២២ ទើបមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ឱ្យមេដឹកនាំប្រទេសនានាយកទៅ ចាក់ជូនប្រជាជនរបស់ខ្លួន។

«ខ្ញុំគិតថាពិភពលោកទាំងមូលនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ឱ្យមនុស្សគ្រប់គ្នានៅចុងឆ្នាំ២០២២ ហើយខ្ញុំគិតថានៅត្រឹមដំណាច់ឆ្នាំ២០២១នេះ បណ្ដាប្រទេស អ្នកមាននឹងត្រឡប់ទៅរកជីវិតធម្មតាវិញ»។ នេះជាការគូសបញ្ជាក់របស់លោក Albert Bourla នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ។ ការលើកឡើងបែបនេះរបស់លោក Albert Bourla មិនមែនជារឿងខុសទំនងឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរីបានបង្កភាព ភ្ញាក់ផ្អើលតាមរយៈការបញ្ចេញផែនការមួយដែលណែនាំឱ្យប្រជាជនរបស់ខ្លួន ត្រៀមរស់នៅជាមួយ COVID-19, បើកប្រទេសឡើងវិញដោយលែងមានការធ្វើចត្តាឡីស័ក, លែងមានការបិទខ្ទប់, អនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយធំ ព្រមទាំងបញ្ឈប់ការរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ ជាដើម។

ប៉ុន្តែការធ្វើតេស្ដអាចនឹងត្រូវតម្រូវឱ្យធ្វើដដែល ហើយរដ្ឋាភិបាលសិង្ហបុរី នៅតែបន្តជំរុញឱ្យប្រជាជនខ្លួនត្រូវមានទំនួលខុសត្រូវសង្គម ដូចជារក្សាអនាម័យ និងស្ថិតនៅឱ្យ ឆ្ងាយពីការជួបជុំទាំងឡាយ នៅពេលមានអារម្មណ៍មិនស្រួល សំដៅកាត់បន្ថយហានិភ័យឆ្លង។ យ៉ាងណាក៏ដោយ បណ្ដាប្រទេសជាច្រើននៅតែបន្តប្រុងប្រយ័ត្ននៅឡើយ ចំពោះមុខការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta ហើយម្យ៉ាងវិញទៀត ការចង់ត្រឡប់ទៅរកជីវិតធម្មតាវិញ លុះត្រាតែប្រទេសនោះ មានអាត្រាចាក់វ៉ាក់សាំងខ្ពស់ជាមុនសិន ទើបអាចទៅរួច។

*តើមានវិធីកាត់ផ្ដាច់ការឆ្លងរាលដាល COVID-19 ដែរទេ?

បើតាមក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង ការបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ ឬ herd immunity តាមរយៈការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការកាត់ផ្ដាច់ការឆ្លង រាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ មានន័យថា បើសិនជាប្រទេសមួយមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ឬប្រជាជនភាគច្រើន ឬក៏សឹងតែទាំងអស់បានចាក់វ៉ាក់សាំង គ្រប់ៗគ្នា នោះវានឹងបង្កើតជាប្រព័ន្ធភាពសុំាសហគមន៍ ដែលអាចជួយការពារទាំងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ឬមានប្រព័ន្ធសុំាទន់ខ្សោយពី COVID-19 ហើយថា មិនត្រូវ ការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាអាចបញ្ចប់ការឆ្លងរាលដាលជំងឺមួយនេះក៏ថាបាន ដោយអាស្រ័យរង់ចាំមើលថាតើពិភពលោកអាចបង្កើតប្រព័ន្ធភាពសុំាសហគមន៍ បានដែរឬទេ?

ប្រសិទ្ធភាព និងភាពចាំបាច់នៃការបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ដោយការចាក់វ៉ាក់សាំង ត្រូវបានបង្ហាញតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក។ អាមេរិកដែលជាប្រទេសមានអាត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេនៅលើពិភពលោក បច្ចុប្បន្នបានស្គាល់ការធ្លាក់ចុះការឆ្លង និងស្លាប់រហូតដល់ ៩០ភាគរយ ក៏ដោយសារតែចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនដែរ។ មួយវិញទៀត ថ្វីបើវ៉ាក់សាំងមិនអាចការពារយើងបាន១០០ភាគរយក៏ពិតមែន តែយ៉ាងហោចណាស់ វ៉ាក់សាំងអាចជួយការពារយើងមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬត្រូវចូលសម្រាកនៅមន្ទីរពេទ្យ។

*តើអាចមានការចាក់វ៉ាក់សាំងដូសទី៣ ឬទេ?

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីភាពចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣ បន្ថែមនោះទេ។ តែនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Bourla ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថាប្រឈមមុខនឹងវីរុសបម្លែងថ្មី ការចាក់វ៉ាក់សាំងបន្ថែមដូសទី៣ អាចនឹងត្រូវការជាចាំបាច់បន្ទាប់ពី ការចាក់វ៉ាក់សាំងទាំង២ដូសរួច ក្នុងរយៈពេល១២ខែ។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញមួយចំនួនយល់ថាគេប្រហែលជាមិនអាចគេចពីការចាក់វ៉ាក់សាំងដូសទី៣
បានឡើយ ហើយប្រហែលជាត្រូវការចាក់វ៉ាក់សាំង COVID-19 ជារៀងរាល់ឆ្នាំក៏ថាបាន។

ការចាក់វ៉ាក់សាំងដូសទី៣ កំពុងស្ថិតនៅក្រោមការធ្វើតេស្ដនៅឡើយ ខណៈប្រទេសជាច្រើនកំពុងស្ថិតក្នុងការពិចារណា ហើយមានខ្លះដូចជាចក្រភពអង់គ្លេសបានបញ្ចេញ ផែនការត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានផែនការ ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនដែលមានវ័យចំណាស់ និងងាយរងគ្រោះចាប់ខែកញ្ញាខាងមុខនេះតទៅ បើទោះជាមិនទាន់មានការសម្រេចចិត្តចុងក្រោយក៏ដោយ។ ប៉ុន្តែការចាក់វ៉ាក់សាំងបន្ថែមនេះអាចនឹងធ្វើឡើងឈរលើគោលការណ៍បង្ការទុកជាមុន។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក នៅក្នុងសប្ដាហ៍នេះបានព្រមានថារលកឆ្លង COVID-19 ថ្មី បង្កឡើងដោយវីរុសបម្លែងថ្មី Delta អាចផ្ទុះឡើងនៅទ្វីបអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ហើយការព្រមាននេះក៏ជាសារមួយក្រើនរំលឹកដល់ប្រទេសដទៃឱ្យបង្កើនការប្រុងប្រយ័ត្នដែរ ចំពោះមុខវីរុសបម្លែងថ្មី Delta ដែលបានឆ្លងរាលដាល
ទៅកាន់ប្រទេសច្រើនជាង៨០ ហើយ នៅជុំវិញពិភពលោក៕

ប្រភព៖ CNN, CNBC, Gulf News (ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១)