(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រទី០២ ខែកក្កដានេះថា គិតរហូតមកទល់ពេលនេះប្រទេសចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៤៨០លានដូសដល់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

លោក Wang Wenbin បាននិយាយថា ប្រទេសចិនប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឲ្យវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លាយជាផលិតផលសាធារណៈ និងជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនបំផុតដល់ពិភពលោក។

លោកបានបន្ថែមថា មកដល់ពេលនេះប្រទេសចិនបានផ្តល់វ៉ាក់សាំងជូនដល់ប្រទេសជិត ១០០ប្រទេស ក៏ដូចជាបានសន្យាថានឹងផ្តល់បាច់ដំបូង នៃវ៉ាក់សាំងចំនួន ១០លានដូស ជូនដល់កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX ផងដែរ។

ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថា វ៉ាក់សាំងចិនទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងសហគមន៍អន្តរជាតិ ដោយបន្ថែមថាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនត្រូវបានគេទទួលស្គាល់ជាទូទៅ៕