(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមអនុវត្តបទបញ្ជាកំណត់ «មិនឲ្យប្រជាជនចេញពីផ្ទះ» ទៅលើទីក្រុង ម៉ាន់ដាឡាយ (Mandalay) ដែលមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទីពីរ របស់ប្រទេសអាស៊ានមួយនេះ ខណៈដែលការរាតត្បាតនៃជំងឺ COVID-19 កំពុងកើនឡើង។ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
ប្រជាជនមីយ៉ាន់ម៉ា ដែលរស់នៅក្នុងទីក្រុង Mandalay ព្រមទាំងនៅឃុំពីរកន្លែងក្នុងតំបន់ បាហ្គោ (Bago) ភាគខាងត្បូងប្រទេស ដែលមានប្រជាជនសរុបចូលគ្នាលើសពី ២លាននាក់ ត្រូវបានកំណត់ដោយបទបញ្ជាថ្មីខាងលើ មិនឲ្យមានមនុស្សចាកចេញពីលំនៅឋានលើសពីម្នាក់ឡើយ សម្រាប់ហេតុផលមិនមែនពាក់ព័ន្ធនឹងសុខភាព។ ប៉ុន្តែបុគ្គលដែលត្រូវចេញពីផ្ទះ ដើម្បីបំពេញការងាររដ្ឋ គឺត្រូវបានលើកលែង។ មួយវិញទៀត ពុំមានការបញ្ជាក់ថា បទបញ្ជានេះនឹងមានសុពលភាពដល់ពេលណានោះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីខែឧសភាមក កន្លែងជាច្រើនទៀតនៅរដ្ឋឈីន (Chin) ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ឥណ្ឌា ក៏បានជាប់នៅក្រោមបទបញ្ជា កំណត់មិនឲ្យចេញពីផ្ទះដែរ។ ការអនុវត្តវិធានការបន្ថែមខាងលើ ធ្វើឡើងស្របពេលដែលការរាតត្បាត COVID-19 កំពុងកើនឡើង។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មីយ៉ាន់ម៉ាបានប្រកាសរកឃើញករណីឆ្លងថ្មីៗជាង ១,៥០០នាក់ក្នុងមួយថ្ងៃ ខណៈករណីឆ្លងសរុបគឺជិត ១៦០,០០០នាក់ ក្នុងនោះស្លាប់ ៣,៣៤៧នាក់៕