(កង់បេរ៉ា)៖ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានពណ៌នាអំពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ ប្រទេសនេះថាជា «ការបរាជ័យនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
លោក Turnbull ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគូសបញ្ជាក់ប្រាប់វិទ្យុអូស្រ្តាលី (ABC) ថាកម្មវិធីចាក់វ៉ាក់សាំងនេះគឺជាការបរាជ័យគួរឱ្យកត់សម្គាល់មួយរបស់ប្រទេសអូស្រ្តាលី ដែលកំពុងដំណើរការយឺតយ៉ាវបន្តិចបើប្រៀបធៀបទៅនឹង បណ្ដាប្រទេសផ្សេងៗទៀត។
លោក Turnbull បានបន្ថែមថា «ខ្ញុំមិនអាចគិតពីការបរាជ័យខ្មៅ និងស នៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ធំជាងនេះទេ។ ជាការពិតណាស់ រដ្ឋាភិបាលធ្វើឱ្យ មានកំហុសជាច្រើនដូចដែលយើងទាំងអស់គ្នាបានធ្វើ ប៉ុន្តែនេះគឺជាអ្វីដែលយើងអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ វ៉ាក់សាំងប្រមាណ ៧.៩៧លានដូសហើយដែលត្រូវបានផ្ដល់ការចាក់ជូនប្រជាជននៅក្នុងប្រទេសអូស្ត្រាលី ដែលប្រហែលនឹង ០៨ភាគរយនៃប្រជាជនពេញវ័យបានទទួលការចាក់វ៉ាក់សាំងនេះ។
ទោះបីជាមានការចាប់ផ្តើមយឺតក៏ដោយ រដ្ឋាភិបាលនៅតែទទូចថាកម្មវិធីនេះកំពុងដំណើរការ ទៅយ៉ាងរលូន ហើយមនុស្សពេញវ័យគ្រប់រូបដែលចង់ទទួលបានការចាក់វ៉ាក់សាំង នឹងទទួលបានយ៉ាងហោចណាស់ ០១ដូសនៅចុងឆ្នាំ២០២១នេះ៕