(កាប៊ុល)៖ កងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គការណាតូ (NATO) ទាំងអស់ ត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស បាហ្គ្រាម (Bagram) របស់ខ្លួនដែលស្ថិតនៅជិតរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានហើយ ដោយនឹងប្រគល់មូលដ្ឋានទ័ពអាកាសដ៏ធំនេះ ឱ្យទៅកងទ័ពអាហ្វហ្គានីស្ថានគ្រប់គ្រងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
មន្ត្រីនៃក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានកាន់កាប់មូលដ្ឋានទ័ពអាកាសដ៏ធំនេះទាំងស្រុងហើយ បន្ទាប់ពីមានវត្តមានរបស់កងកម្លាំងបរទេសនៅទីនោះ អស់រយៈពេលពីរទសវត្សរ៍មកនេះ»។
ទោះជាយ៉ាងណា កាលបរិច្ឆេទពិតប្រាកដនៃការប្រគល់ មូលដ្ឋានទ័ពអាកាសដ៏ធំនេះ ដែលស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី Kabul និងស្ថិតក្នុងស្រុក Bagram ភាគខាងកើតនៃខេត្ត ផាវ៉ាន (Parwan) មិនត្រូវបានគេដឹងភ្លាមៗនោះទេ។
ព័ត៌មានលម្អិតបន្ថែមអំពីការដកចេញនេះ កំពុងតែរំលេចចេញ ចំពេលដែលគ្មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយឡើយ។ របាយការណ៍នេះ បានកើតឡើងនៅពេលស្ថានភាពសន្តិសុខ នៅក្នុងប្រទេសកាន់តែមានភាពយ៉ាប់យ៉ឺនឡើង គិតចាប់តាំងពីថ្ងៃទី០១ ខែឧសភាកន្លងមកនេះ នៅពេលដែលកងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គការ NATO ចាប់ផ្តើមដកខ្លួនជាបណ្ដើរៗ ចេញពីប្រទេសដែលបាននិងកំពុងហែកហួរ ដោយសង្គ្រាមរាប់សិបឆ្នាំមកហើយនេះ។
គួរបញ្ជាក់ថា កងទ័ពរបស់សហរដ្ឋអាមេរិកប្រមាណ ៣,៥០០នាក់ និងកងទ័ពរបស់អង្គការ NATO ប្រមាណ ៧,០០០នាក់ នឹងត្រូវដកចេញនៅមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលត្រូវជាខួបលើកទី ២០ នៃការវាយប្រហារភេរវកម្ម ដែលធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន៕