(ញូដេលី)៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបញ្ជូនក្រុមជំនាញកម្រិតខ្ពស់ទៅកាន់រដ្ឋនានា ដែលមានការកើនឡើងករណីឆ្លង COVID-19 ដើម្បីជាការលើកកម្ពស់ប្រព័ន្ធឆ្លើយតបរហ័ស ចំពោះករណីផ្ទុះជំងឺនេះឲ្យបានភ្លាមៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
បើតាមរដ្ឋាភិបាលទីក្រុងញូដេលី ក្រុមជំនាញទាំងនោះគឺមានតួនាទីស្វែងយល់ អំពីបញ្ហាស្នូលនៅតាមរដ្ឋ ដែលកំពុងប្រឈមខ្លាំងជាងគេ ទៅនឹងការឆ្លងរាតត្បាត COVID-19។ ការស្វែងយល់បញ្ហាជាក់ស្តែង និងប្រភពដើមនៃការចម្លងនេះ នឹងធ្វើឲ្យក្រុមជំនាញទាំងអស់ អាចផ្តល់ការប្រឹក្សា ដើម្បីឲ្យអាជ្ញាធររដ្ឋទាំងអស់នោះ ចាត់វិធានការប្រកបដោយភាពរហ័សរហួន និងប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រុមជំនាញសហព័ន្ធខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋ គែរ៉ាឡា (Kerala), ទ្រីភួរ៉ា (Tripura), អូឌីសា (Odisha), ឆាតទីសហ្គាហ៍ (Chhattisgarh) និងម៉ានីភួរ (Manipur) ដោយសារតែរដ្ឋទាំងនេះ បានបង្ហាញសញ្ញានៃការកើនឡើង ករណីឆ្លងរាតត្បាត COVID-19។
ក្រុមជំនាញខាងលើនេះរួមមាន ក្រុមជំនាញផ្នែកវេជ្ជសាស្ត្រ និងផ្នែកសុខាភិបាលសាធារណៈ ដោយពួកគេមានតួនាទីចុះត្រួតពិនិត្យភ្លាមៗ នៅពេលមានសេចក្តីរាយការណ៍ អំពីករណីផ្ទុះ COVID-19 នៅតំបន់នានា ដែលត្រូវបានរាយការណ៍។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ពួកគេមានតួនាទីវិភាគ និងគណនាអំពីតម្រូវការចាំបាច់ ចំពោះគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ដែលតំបន់កំពុងផ្ទុះការឆ្លង COVID-19 នោះនឹងត្រូវការផងដែរ៕