(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ជូងអាង អ៉ីលបូ (JoongAng Ilbo) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ិន (Moon Jae-in) បានសរសេរសំបុត្រឆ្លើយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) ក្រោមគោលបំណងចង់ បើកកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ មុនពេលលោក មូន ទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែឧសភាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
សារព័ត៌មានកូរ៉េខាងត្បូង JoongAng Ilbo បានគូសបញ្ជាក់ថា លោក Moon បានសរសេរសំបុត្រផ្ញើរទៅកាន់លោក Kim ដើម្បីរិះរកមធ្យោបាយរៀបចំកិច្ចប្រជុំកំពូលមួយ រួមទាំងជម្រើសតាមរយៈប្រព័ន្ធអ៊ីនធើណេតផងដែរ ប្រសិនបើវាអាចធ្វើទៅបាន ដូចដែលលោកធ្លាប់បានស្នើឡើងជាសាធារណៈ កាលពីខែមករា ដើមឆ្នាំនេះ ដែរ។ ក៏ប៉ុន្តែពុំមានការបញ្ជាក់ថា តើលោក Kim បានឆ្លើយតបយ៉ាងណានោះទេ។ រីឯការិយាល័យរបស់លោក Moon ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ ជុំវិញដំណឹងនេះដែរ។
គួរបញ្ជាក់ថា លោក Moon និងលោក Biden បានបង្ហាញពីឆន្ទៈក្នុងការធ្វើសកម្មភាព ពាក់ព័ន្ធជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកាលពីខែឧសភាកន្លងទៅនេះ។ ប៉ុន្តែលោក Biden បានបង្ហាញថា លោកមិនមានចេតនាក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ស្របតាមការទាមទារជាយូរមកហើយរបស់ទីក្រុងព្យុងយ៉ាង (Pyongyang) នោះទេ។ លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «វាមិនមែនជារឿងងាយស្រួលទេ ក្នុងការធ្វើឱ្យលោក Kim បោះបង់ចោលនូវអាវុធនុយក្លេអ៊ែរ»៕