(ម៉ុមបៃ)៖ ទីបំផុតចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 រាតត្បាតទូទាំងប្រទេសឥណ្ឌា បានលោតចូលដល់ខ្ទង់ ៤០០,០០០នាក់ហើយ ខណៈពាក់កណ្តាលនៃចំនួននេះ គឺត្រូវបានបូកបញ្ចូលតែក្នុងអំលុងពេល ពីរខែចុងក្រោយនេះប៉ុណ្ណោះ ដោយសារតែរលកទី ២ បានបោកបក់យ៉ាងសន្ធប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាគឺ ៣០,៤៥៣,៩៣៧ករណី ក្នុងនោះមានស្លាប់សរុប ៤០០,២៧១នាក់ និងជាសះស្បើយវិញជាង ២៩,៥៣៦,០០០នាក់។ បើធៀបចំនួនករណីឆ្លងសរុប គឺឥណ្ឌាស្ថិតនៅក្រោមសហរដ្ឋអាមេរិកតែជាង ៥,០០០,០០០ករណីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ចំនួនអ្នកស្លាប់នៅអាមេរិក គឺមានរហូតជាង ៦២០,០០០នាក់ឯណោះ។
ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិធ្លាប់បានអះអាងថា ចំនួនករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសឥណ្ឌា អាចមានច្រើនជាងតួលេខផ្លូវការ ដែលប្រកាសចេញដោយរដ្ឋាភិបាល ព្រោះតំបន់ដាច់ស្រយាលជាច្រើន ត្រូវបានគេជឿជាក់ថា មិនបានធ្វើតេស្តរក COVID-19 ឲ្យគ្រប់ជ្រុងជ្រោយ និងរាប់ចំនួនមនុស្សស្លាប់ ឲ្យបានជាក់លាក់នោះឡើយ។
តួយ៉ាងកាលពីខែមិថុនាកន្លងទៅនេះ រដ្ឋ ប៊ីហារ (Bihar) ដ៏ក្រីក្របំផុតមួយរបស់ឥណ្ឌា បានធ្វើការរាប់ចំនួនមនុស្សស្លាប់ដោយសារ COVID-19 ឡើងវិញ តបតាមសេចក្តីបង្គាប់របស់តុលាការថ្នាក់តំបន់។ ជាលទ្ធផលអាជ្ញាធររដ្ឋភាគខាងកើតឥណ្ឌាមួយនេះ បានរកឃើញថា មនុស្សស្លាប់សរុបដោយសារជំងឺ COVID-19 គឺមានរហូតដល់ ៩,៤២៩នាក់ឯណោះ មិនមែន ៥,៤២៤នាក់នោះឡើយ៕