(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា ការអភិវឌ្ឍឆាប់រហ័សនៃកងកម្លាំងនុយក្លេអ៊ែររបស់ចិនគឺជាក្ដីកង្វល់ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងចូលរួម ក្នុងការកាត់បន្ថយហានិភ័យនៃអស្ថិរភាព ដែលបង្កឡើងដោយការរត់ប្រណាំងសព្វាវុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានលើកឡើងដូច្នេះថា «របាយការណ៍ជាច្រើនបានបង្ហាញថា ឃ្លាំអាវុធនុយក្លេអ៊ែររបស់ចិន បាននិងកំពុងរីកធំឡើងយ៉ាងឆាប់រហ័ស... ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ គឺជាក្ដីកង្វល់ និងបង្កឱ្យមានសំនួរជាច្រើន ពាក់ព័ន្ធនឹងចេតនាពិតប្រាកដរបស់ចិន។ តែយ៉ាងណាក៏ដោយ យើងនៅតែជំរុញលើកទឹកចិត្ត ឱ្យចិនចូលរួមជាមួយពួកយើង ដើម្បីអនុវត្តវិធានការនានា ដែលជួយកាត់បន្ថយហានិភ័យបង្កឡើង ដោយការរត់ប្រណាំងសព្វាវុធ»។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានអះអាងដែរថា ចិនបាននិងកំពុងចាប់ផ្ដើមផលិត មីស៊ីលបាញ់ចេញពីក្រោមដីច្រើនជាង ១០០គ្រាប់ នៅឯតំបន់វាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេស។ យ៉ាងណាក៏ដោយ ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការលើកឡើងដោយសហរដ្ឋអាមេរិកបែបនេះឡើយ៕