(អូរ៉េហ្គន)៖ សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។ សាកសពខ្លះ គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា និងតំបន់ប៉ាស៉ីហ្វិកភាគពាយព្យ នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
ជុំវិញបញ្ហានេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។
អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon បានកើនឡើង ដល់ ៧៩នាក់ហើយដែលភាគច្រើន បានកើតឡើងនៅក្នុងតំបន់ Multnomah County ដែលស្ថិតនៅក្នុងទីក្រុងផតឡេនដ៍ (Portland)។ ពួកគេមានអាយុជាមធ្យម ៦៧ឆ្នាំ និងចាស់ជាងគេមានអាយុ ៩៧ឆ្នាំ។
ដោយឡែក ប្រធានក្រុមអ្នកធ្វើកោសលវិច្ច័យលើសាកសពនៃខេត្តប្រ៊ីតធីស ខូឡុំបៀ (British Columbia) ប្រទេសកាណាដា លោកស្រី Lisa Lapointe បានគូសបញ្ជាក់បន្ថែមថា ការិយាល័យរបស់លោកស្រី ក៏បានទទួលរបាយការណ៍អ្នកស្លាប់យ៉ាងហោចណាស់ ៤៨៦នាក់ភ្លាមៗផងដែរ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃពុធសប្ដាហ៍នេះ ដែលវាជារឿងនឹកស្មានមិនដល់សោះ ព្រោះជាធម្មតាលោកស្រីបានប៉ាន់ស្មានថា មនុស្សប្រហែល ១៦៥នាក់ប៉ុណ្ណោះដែលអាចស្លាប់នៅខេត្តនេះក្នុងរយៈពេល ០៥ថ្ងៃ។
គួរបញ្ជាក់ថា ខណៈអាជ្ញាធរបានព្យាយាមរៀបចំឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដោយប្រែក្លាយបណ្ណាល័យនៅក្នុងតំបន់ដែលមានម៉ាស៊ីនត្រជាក់ចំនួន០៩ ទៅជាមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ នៅចន្លោះថ្ងៃចន្ទ និងថ្ងៃសុក្រសប្ដាហ៍នេះ មនុស្សប្រមាណ ៧,៦០០នាក់ហើយបានទទូលភាពត្រជាក់។ អាជ្ញាធរ ក៏កំពុងព្យាយាមស្វែងរកមនុស្សដែលគ្មានផ្ទះសម្បែង ដើម្បីផ្តល់ទឹក និងភាពត្រជាក់ដល់ពួកគេបន្ថែមទៀតផងដែរ៕