(បាងកក)៖ តុលាការមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានពន្យារពេលឃុំខ្លួនលោក Danny Fenster ដែលជាអ្នកកាសែតអាមេរិកម្នាក់ធ្វើការឱ្យទស្សនាវដ្តី ព័ត៌មានតាមប្រព័ន្ធអ៊ីនធើណេតមួយត្រូវបានចាប់ខ្លួនកាលពីខែឧសភាកន្លងទៅនេះ ពីបទញុះញង់ ហើយបទចោទនេះអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ រហូតដល់០៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

លោក Danny Fenster ជានិពន្ធនាយកនៃកាសែត Frontier Myanmar ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិរ៉ូងហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅនេះ ខណៈដែលលោកកំពុងព្យាយាមឡើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងដឺត្រយ (Detroit) រដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិកវិញ ដើម្បីជួបក្រុមគ្រួសាររបស់លោក។

លោក Than Zaw Aung មេធាវីរបស់ លោក Danny Fenster បានគូសបញ្ជាក់ប្រាប់សារព័ត៌មានអាមេរិក Associated Press ថា អ្នកកាសែតអាយុ ៣៧ឆ្នាំរូបនោះ មានសុខភាពល្អធម្មតាទេ ប៉ុន្តែហាក់បីដូចជាស្រកទម្ងន់ខ្លះ នៅពេលដែលគាត់បានបង្ហាញខ្លួនក្នុងសវនាការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯតុលាការពិសេស នៅក្នុងពន្ធនាគារ អ៊ីនសេន (Insein) នៃទីក្រុង Yangon ជាកន្លែងដែលគាត់កំពុងត្រូវបានឃុំខ្លួន។ គាត់បានស្នើសុំឱ្យប្រពន្ធរបស់គាត់ផ្ញើថ្នាំ និងអាហារខ្លះ ដល់គាត់។

មន្រ្តីកុងស៊ុលពីរនាក់មកពីស្ថានទូតសហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងសវនាការនេះដែរ។ លោក Than Zaw Aung បានបន្ថែមថាសវនាការបន្ទាប់គ្រោងនឹង ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែករណីនេះនឹងមិនត្រូវបានជំនុំជម្រះនៅពេលនោះទេ ពីព្រោះតុលាការមានរឿងក្តីច្រើនពេក។

គួរបញ្ជាក់ថា ការបង្ហាញខ្លួននៅឯតុលាការរបស់លោក Danny Fenster បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមដោះលែងអ្នកទោសប្រមាណ ២,៣០០នាក់ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការតវ៉ាដែលបានផ្ទុះឡើងបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលដែលបានជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) កាលពីខែកុម្ភៈកន្លងទៅនេះ៕