(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនកាលពីថ្ងៃទី១ ខែកក្កដាថា៖ «យើងបានសម្រេចនូវគោលដៅតស៊ូ ១០០ឆ្នាំទីមួយ ពោលគឺបានសម្រេចការកសាងសង្គមដែល ប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅប្រទេសចិន ដោះស្រាយជាប្រវត្តិសាស្រ្តនូវបញ្ហាក្រីក្រដាច់ខាត បច្ចុប្បន្នកំពុងតស៊ូព្យាយាមបោះជំហាន ទៅកាន់គោលដៅតស៊ូ ១០០ឆ្នាំទីពីរ ស្តីពីការសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងខ្លា»។
រំលឹកពីប្រវត្តិសាស្ត្រក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ នៅលើពិភពលោក គ្មានគណបក្សនយោបាយណាមួយដូចបក្សកុម្មុយនិស្តចិនអ៊ីចឹងដែលបានជួបប្រទះ ការលំបាកជាច្រើន និងឆ្លងកាត់ការសាកល្បងស្លាប់រស់ជាច្រើន ក៏ដូចជាបានបងតម្លៃនិងធ្វើពលីយ៉ាងធ្ងន់ធ្ងរ។ អ្នកផងទាំងពួងតែងតែសួរថា ហេតុអ្វីបានជាបក្សកុម្មុយនិស្តចិនអាចពុះពារការលំបាកគ្រប់បែបយ៉ាង ហើយទទួលបានជ័យជម្នះមួយហើយមួយទៀត? សុន្ទរកថារបស់លោក Xi Jinping ដែលបានថ្លែងនៅថ្ងៃដដែលបានបូកស្រាយពីប្រភពនៃស្មារតីរបស់បក្សកុម្មុយនិស្តចិន ពោលគឺស្មារតីដ៏មហិមានៃការបង្កើតបក្សកុម្មុយនិស្តចិនស្មារតីនេះបានផ្តល់ ចម្លើយចំពោះសំណួររបស់ពិភពលោក។
នេះគឺ៖ ការប្រកាន់ខ្ជាប់នូវសច្ចធម៌ ប្រកាន់ខ្ជាប់នូវឧត្តមគតិ មិនបំភ្លេចគោលបំណងដើម ចងចាំបេសកកម្មរបស់ខ្លួន ក៏ដូចជាមិនខ្លាចការលះបង់ តស៊ូប្រយុទ្ធយ៉ាង អង់អាច ស្មោះត្រង់ចំពោះបក្សនិងមិនធ្វើឱ្យប្រជាជនអស់សង្ឃឹម។ ដោយទទួលបានការលើកទឹកចិត្តពីស្មារតីដ៏មហិមានៃការបង្កើតបក្សកុម្មុយនិស្តចិន បានជាក្នុង រយៈពេល១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានសាមគ្គីគ្នា និងដឹកនាំប្រជាជនសម្រេចនូវឯករាជ្យជាតិនិងការបង្កើតប្រទេសចិនថ្មីបានកំណត់របបមូលដ្ឋាន នៃសង្គមនិយមនិងជំរុញកិច្ចកសាងសង្គមនិយម ព្រមទាំងបានអនុវត្តកំណែទម្រង់និងការបើកទូលាយ កសាងទំនើបភាវូបនីយកម្មសង្គមនិយមក្នុងយុគសម័យថ្មី បានប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុត្រឹតភាពនូវរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក៏ដូចជាជំរុញបង្កើតប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសជាតិ និងលើកកម្ពស់ទំនើបភាវួបនីយកម្មនៃសមត្ថភាពអភិបាលកិច្ច។
ក្នុងនាមជាគណបក្សនយោបាយធំបំផុតនៅលើពិភពលោកដែលមុនដំបូងមានសមាជិកបក្ស តែ៥៨នាក់ ហើយបច្ចុប្បន្ននេះមានសមាជិកបក្សចំនួនជាង៩៥ លាននាក់បក្សកុម្មុយនិស្តចិន បានអនុវត្តជាក់ស្តែងឥតឈប់ឈរនូវគោលបំណងដើមនិងបេសកកម្មរបស់ខ្លួនស្តីពីការ «ស្វែងរកសុខសុភមង្គលជូនប្រជាជននិងស្វែងរកការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ» ហើយធ្វើឱ្យការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញឈានចូលដំណើរការ ប្រវត្តិសាស្ត្រដែលមិនអាចបកក្រោយវិញ។
«នៅលើផ្លូវឆ្ពោះទៅកាន់ភាពសម្បូរសប្បាយជាមួយគ្នា មិនអាចបោះបង់ចោលនរណាម្នាក់បានទេ»។ អ្នកផងទាំងពួងនឹងមើលឃើញថានៅលើផ្លូវដែលឆ្ពោះទៅ អនាគតបក្សកុម្មុយនិស្តចិននឹងបន្តសាមគ្គីគ្នានិងដឹកនាំប្រជាជនចិនធ្វើការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវជីវភាពល្អបវរនិងបង្កើតអច្ឆរិយអភិវឌ្ឍន៍កាន់តែច្រើនជាបន្តបន្ទាប់ព្រមនិងធ្វើឱ្យការអភិវឌ្ឍថ្មីរបស់ប្រទេសចិនក្លាយទៅជាកាលានុវត្តភាពថ្មីរបស់ពិភពលោកផងដែរ៕