(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ ១៨.៣អង្សាសេ កាលពីឆ្នាំ២០២០កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។
បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហរប្រជាជាតិ ការឡើងកម្ដៅខាងលើត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza នៃប្រទេសអាហ្សង់ទីននៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ អគ្គលេខាធិការ WMO លោក Petteri Taalas បានគូសបញ្ជាក់ថា ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីខាងលើមានជាប់ពាក់ព័ន្ធនឹងការ ប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ការឡើងកម្ដៅបំបែកកំណត់ត្រាកាលពីពេលមុនលើទ្វីបអង់តាក់ទិច ពោលគឺលើតំបន់ដីគោក និងតំបន់ជុំវិញកោះនៃទ្វីបមួយនេះគឺ ១៧.៥អង្សាសេ នៅឯស្ថានីយស្រាវជ្រាវ Esperanza កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥៕