(ម៉ូស្គូ)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សចំនួន ៦៧២នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលបីជាប់ៗគ្នាមកនេះ ខណៈវីរុស COVID-19 បម្លែងថ្មី Delta កំពុងរាតត្បាតធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។
ចំពោះមុខការរាតត្បាតវីរុសបម្លែងថ្មី Delta ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធសប្តាហ៍នេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ ដោយអំពាវនាវឲ្យប្រជាជនរុស្ស៊ី ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់រួសរាន់ទៅទទួលការចាក់ផងដែរ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលរុស្ស៊ី ក្នុងចំណោមករណីឆ្លង COVID-19 បម្លែងថ្មី Delta ដែលត្រូវបានរកឃើញថ្មីៗនេះ ៩០% ស្ថិតនៅទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ រុស្ស៊ីបានរាយការណ៍ពីចំនួនមនុស្សស្លាប់ ៦៦៩នាក់ និងកាលពីថ្ងៃអង្គារមុននេះទៀតចំនួន ៦៥២នាក់។ តួលេខទាំងបីថ្ងៃនេះ គឺសុទ្ធតែខ្ពស់បំផុត ដែលរុស្ស៊ីមិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតប្រទេសនេះ ដំបូងកាលពីឆ្នាំ២០២០។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីមានករណីឆ្លង COVID-19 សរុប ៥,៥៣៨,១៤២ករណី ក្នុងនោះស្លាប់ ១៣៥,៨៨៦នាក់ និងជាសះស្បើយ ៥,០១៧,៣២១៕