(ម៉ូស្គូ)៖ គ្រឹះស្ថានសុខាភិបាលនៅក្នុងទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ស្របពេលដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។
កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងសុខាភិបាលរុស្ស៉ី បានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំង COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី ៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី ៦ខែមុន ឬយូរជាងនេះ ហើយវាក៏បាននាំឲ្យរុស្ស៉ី ក្លាយជាប្រទេសដំបូងគេក្នុងលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ។
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ ខាងលើ ត្រូវបានជំរុញដោយការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះនៃករណីឆ្លង COVID-19 ដែលទំនងជាដោយសារវីរុសបម្លែងថ្មី Delta បូករួមជាមួយអត្រាចាក់វ៉ាក់សាំង ដែលទើបសម្រេចបានកម្រិតទាប នៅក្នុងប្រទេសរុស្ស៉ី។ រុស្ស៉ីបានចាប់ផ្តើមការចាកវ៉ាក់សាំងបង្ការ COVID-19 តាំងពីខែមករា ដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមនុស្សត្រឹម ១៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបរុស្ស៉ីសរុបជាង ១៤៤លាននាក់ ដែលចាក់បានគ្រប់ដូស។
គួរបញ្ជាក់ថា កន្លងមកក្រុមអ្នកវិទ្យាសាស្រ្ត ដែលអភិវឌ្ឍវ៉ាក់សាំងនាំមុខរបស់រុស្ស៉ីគឺ Sputnik បានអះអាងថា ការការពារដែលទទួលបានពីវ៉ាក់សាំងនេះ អាចមានប្រសិទ្ធភាពប្រឆាំង COVID-19 លើសពី ៦ខែ ប៉ុន្តែដោយសារសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបម្លែងថ្មី Delta គឺគួរតែមានការចាក់វ៉ាក់សាំងដូសទី ៣ បន្ថែម ដើម្បីរក្សាបរិមាណអង់ទីករការពារក្នុងរាងកាយ ឲ្យស្ថិតនៅកម្រិតខ្ពស់តាមតែអាចធ្វើទៅបាន៕