(ញូដេលី)៖ ភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង បានកើតមានឡើងរវាងឥណ្ឌា និងសហភាពអឺរ៉ុប (EU) ដោយប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បានដាក់លក្ខខណ្ឌមួយទៅ EU ជុំវិញការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 ជាថ្នូរនឹងលិខិតឆ្លងដែនវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ប្រទេសឥណ្ឌាបានប្រកាសចេញ នូវលក្ខខណ្ឌយ៉ាងដូច្នេះថា «ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង EU នោះឡើយ ប្រសិនបើ EU មិនព្រមទទួលស្គាល់វ៉ាក់សាំងផលិតនៅឥណ្ឌា»។ ការប្រកាសដាក់លក្ខខណ្ឌបែបនេះត្រូវបានធ្វើឡើង ចំពេលដែលវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប។

Covishield គឺឈ្មោះមួយទៀតនៃវ៉ាក់សាំង AstraZeneca ដែលវិទ្យាស្ថានសេរឹម (Serum) របស់ឥណ្ឌាជាអ្នកទទួលបន្ទុកផលិត និងកំពុងតែព្យាយាមដាក់ឲ្យ EU អនុម័តការប្រើប្រាស់ក្នុងករណីបន្ទាន់ នៅក្នុងប្លុកដ៏ធំមួយនេះ។ ទោះជាយ៉ាងណា លិខិតឆ្លងដែនវ៉ាក់សាំង អាចប្រគល់ឲ្យបានសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ដែលត្រូវបានអនុម័តដោយ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) តែប៉ុណ្ណោះ ខណៈវ៉ាក់សាំង Covishield នៅមិនទាន់ត្រូវបានទទួលស្គាល់នោះឡើយ។

គួរបញ្ជាក់ថា លិខិតឆ្លងដែនវ៉ាក់សាំង គឺជារឿងចាំបាច់បំផុតមួយ សម្រាប់ប្លុកអឺរ៉ុបដែលមានសមាជិក ២៧ប្រទេស និងប្រទេសឥណ្ឌា ដើម្បីឈានទៅរកការធ្វើដំណើររវាងគ្នាឡើងវិញបាន តាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ រវាងអាជ្ញាធរនៃប្រទេស-ប្លុកទាំងពីរ៕