(ប៉េកាំង)៖ “នេះជាសមិទ្ធផលដ៏អស្ចារ្យមួយ” អង្គការសុខភាពពិភពលោក បានវាយតម្លៃដូច្នេះក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ហើយបានប្រកាសថា ប្រទេសចិនទទួលបានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ពីអង្គការសុខភាពពិភពលោក លើវិស័យលុបបំបាត់ជំងឺគ្រុនចាញ់។ ដូចនេះ ប្រទេសចិនបានក្លាយជាប្រទេសទីមួយ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានការបញ្ជាក់ទទួលស្គាល់បែបនេះ ពីអង្គការសុខភាពពិភពលោក ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។

នេះជាការបញ្ជាក់ទទួលស្គាល់ដែលមានសារសំខាន់ណាស់ ។ នៅប្រទេសចិន ករណីឆ្លងជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយពី ៣០លាននាក់កាលពីទសវត្សរ៍ឆ្នាំ៤០ នៃសតវត្សរ៍មុន មកនៅត្រឹមសូន្យករណីកាលពីឆ្នាំ២០១៧ ហើយបានរក្សាសូន្យករណីដល់បច្ចុប្បន្ននេះ សមិទ្ធផលនេះបានទទួលមកមិនងាយទេ។ នេះជាសមិទ្ធផលរបស់ប្រទេសចិន ដែលបានធ្វើការបង្ការ និងគ្រប់គ្រងដោយចំគោលដៅ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ហើយក៏ជាភាពជោគជ័យនៃការបង្កើត ប្រព័ន្ធធានាសុខភាពរបស់ប្រជាជននៅទូទាំងប្រទេសផងដែរ ជាងនេះទៅទៀត កាន់តែជាសមិទ្ធផលដែលមុខជាសម្រេចបានរបស់ បក្សកាន់អំណាចរបស់ប្រទេសចិន ដែលបានប្រកាន់ខ្ជាប់ការចាត់ទុកមនុស្សជាចម្បង និងប្រកាន់ខ្ជាប់ការចាត់ទុកសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន ជាភារកិច្ចចម្បងជាប់រហូត។

ជំងឺគ្រុនចាញ់ជាជំងឺឆ្លងដ៏កាចសាហាវបំផុតមួយនៅលើពិភពលោក។ ដើម្បីគាំពារសុខភាពរបស់ប្រជាពលរដ្ឋ ចាប់ពីទសវត្សរ៍ឆ្នាំ៥០នៃសតវត្សរ៍មុនមក ប្រទេសចិនក៏បានចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ដែរ។ បន្ទាប់មក ទន្ទឹមនឹងការងារជួយឧបត្ថម្ភភាពក្រីក្ររបស់ប្រទេសចិន ត្រូវបានជំរុញយ៉ាងរលូន លក្ខណៈសម្បតិ្តលើវិស័យផ្ទះស្នាក់នៅ កម្រិតជីវភាពរស់នៅ សេវាកម្មខាងទូរគមនាគមន៍ និងព្យាបាលរោគត្រូវបានកែលម្អយ៉ាងខ្លាំង។ ជាពិសេស ប្រទេសចិនបានបង្កើតបណ្តាញធានាសុខាភិបាលជាមូលដ្ឋាន ដែលបានគ្របដណ្តប់ប្រជាជននៅទូទាំងប្រទេស ប្រការទាំងនេះបានដើរតួនាទីដ៏សំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។

ជានិច្ចកាល ប្រទេសចិនបានដើរនៅជួយមុខ នៃការច្នៃប្រឌិតថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ។ ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជន ច្រើនជាងគេនៅលើពិភពលោក ការលុបបំបាត់ជំងឺគ្រុនចាញ់ ដោយជោគជ័យរបស់ប្រទេសចិន មិនត្រឹមតែបានបង្ហាញពីការលើកកម្ពស់ នៃកម្រិតសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងក៏ជាសាក្សីនៃការរីមច្រើន នៃកិច្ចការសិទ្ធិមនុស្សផងដែរ។ ហើយនេះក៏ជាការរួមចំណែកដ៏សំខាន់មួយទៀតរបស់ប្រទេសចិនចំពោះសុខភាពមនុស្សជាតិនិងការរីកចម្រើននៃសិទ្ធិមនុស្សជាសកល បន្ទាប់ពីប្រទេសចិនបានលុបបំបាត់ភាពក្រីក្រដាច់ខាត។

សូមយកវិធីសាស្ត្រព្យាបាលជំងឺតាមរយៈ Artemisinin ជាឧទាហរណ៍ វិធីសាស្ត្រនេះត្រូវរកឃើញដោយក្រុមការងាររបស់លោកស្រី Tu Youyou អ្នកទទួលរង្វាន់ណូប៉ែលផ្នែកសរីរវិទ្យា និងវេជ្ជសាស្ត្រ និងជាអ្នកជំនាញផ្នែកឱសថ និងពេទ្យចិនសែ។ គិតរហូតដល់បច្ចុប្បន្ននេះ ថ្នាំព្យាបាលជំងឺគ្រុនចាញ់ប្រភេទ Artemisinin បានជួយសង្គ្រោះអាយុជីវិតរបស់មនុស្សចំនួនរាប់លាននាក់ នៅលើពិភពលោកទាំងមូល ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវអង្គការសុខភាពពិភពលោកចាត់ទុកថា ជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ជម្រើសចម្បង។

តាមពិត មិនថាការលុបបំបាត់ជំងឺគ្រុនចាញ់ ឬក៏ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះក៏ដោយ ក៏សុទ្ធតែដាស់តឿនសហគមន៍អន្តរជាតិថា មនុស្សជាតិជាសហគមន៍រួមវាសនាតែមួយ។ ប្រឈមនឹងវិបតិ្តសុខាភិបាលសាធារណៈជាសកល ការធ្វើកិច្ចសហប្រតិបតិ្តការដោយសាមគ្គីគ្នា ជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់របស់បណ្តាប្រទេសនានា។ ពេលនេះ សូមរំលឹកឡើងវិញពីប្រសាសន៍របស់លោក Seneca ទស្សនវិទូនៅសម័យរ៉ូម៉ាំងបុរាណដែលថា “យើងជារលកក្នុងមហាសមុទ្រតែមួយ ” គិតថា ពិតជាធ្វើឱ្យអ្នកផងមានចំណាប់អារម្មណ៍កាន់តែស៊ីជម្រៅ៕