(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,១៩៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥៤០,៨៤៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២០,២៤៩នាក់ និងជាសះស្បើយឡើងសរុបជាង ២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

តាមការពិសោធន៍មួយកាលពីពេលថ្មីៗនេះបានបង្ហាញថា វ៉ាក់សាំងអាមេរិក Moderna នៅតែអាចជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ឲ្យទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីៗទាំងអស់ គ្រាន់តែប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 ទម្រង់ដើម គឺជាមានខ្លាំងក្លាជាងគេ។ ការពិសោធន៍នេះត្រូវបានធ្វើឡើង តាមរយៈការយកសំណាកឈាមពីអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តចំនួន ០៨នាក់ (បន្ទាប់ពីពួកបានចាក់វ៉ាក់សាំង mRNA-1273 របស់ Moderna រួចពីរដូស) មករក្សាទុកនៅក្នុងពេល ១សប្តាហ៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨០លាននាក់ (៥៤.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៥៤.២លាននាក់ (៤៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕