(ប៉េកាំង)៖ ថ្ងៃនេះជាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ជាទិវារំលឹកខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលមានសារសំខាន់ណាស់ចំពោះបក្សកុម្មុយនិស្តចិន និងប្រជាជនចិន។ ឆ្លងកាត់ដំណើរអភិវឌ្ឍន៍រយៈពេល១០០ឆ្នាំ បក្សកុម្មុយនិស្តចិនបានចាត់ទុកការស្វែងរកសុខសុភមង្គលជូនចំពោះប្រជាជនចិន ជាគោលបំណងដើម និងបេសកកម្មរបស់ខ្លួនជាប់រហូតមក សមិទ្ធផលដ៏ត្រចះត្រចង់ដែលបក្សកុម្មុយនិស្តចិនទទួលបាន បានបញ្ជាក់ទៅកាន់ពិភពលោកថាប្រជាជនចិនបានជ្រើសរើស ផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងខ្លួនឯងបំផុត។

នាពេលថ្មីៗកន្លងទៅនេះ ឥស្សរជនមជ្ឈដ្ឋាននយោបាយ អ្នកជំនាញនិងបញ្ញវន្តរបស់បរទេសជាច្រើនបានលើកឡើងថាល្បឿនអភិវឌ្ឍន៍របស់ប្រទេសចិនហួសពី ការនឹកស្មានរបស់លោកខាងលិច ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនបានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាប្រទេសមានកម្លាំងជាក់ស្តែង ខ្លាំងក្លាបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជាប្រទេសមួយក្នុងចំណែមប្រទេសដែលស័ក្តិសមនឹងការរស់នៅបំផុតនៅលើពិភពលោកផងដែរ។

ការអភិវឌ្ឍរបស់ប្រទេសចិនធ្វើឱ្យអ្នកផងមានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ប្រជាជនចិនគ្រប់រូបសុទ្ធតែទទួលបានផលប្រយោជន៍ ហើយពោពេញទៅដោយ សេចកី្តសង្ឃឹមចំពោះអនាគត។ ទាក់ទិននឹងការចោតទជាមន្ទឹលសង្ស័យរបស់អ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួនតូច លោក Jacques Cheminade ប្រធានបក្សសាមគ្គីភាពនិងវឌ្ឍនភាពរបស់ប្រទេសបារាំងបានថ្លែងថា លោកខាងលិចគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ហើយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន។

លោកបានគូសបញ្ជាក់ថា ជនលោកខាងលិចចាំបាច់ត្រូវយល់ដឹងឱ្យច្បាស់ថាឥរិយាបថដ៏ល្អប្រសើររបស់បក្សកុម្មុយនិស្តចិនគឺក្តីស្រឡាញ់ចំពោះប្រជាជន និងប្រទេសជាតិ។ មិនថាអ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួនតូចមួលបង្កាច់ប្រទេចិនតាមរបៀបណាក៏ដោយក៏ការពិតជាក់ស្តែងអាចបញ្ជាក់ពី អ្វីទាំងអស់។ បក្សកុម្មុយនិស្តចិនគ្រាន់តែចំណាយពេលវេលាជាងពាក់កណ្តាលសតវត្សរ៍ ក៏បានកែប្រែសមុខមាត់អន់ថយរបស់ប្រទេសចិនចាស់ហើយធ្វើពីបាតដៃទទេ បានបង្កើតឡើងនូវប្រព័ន្ធឧស្សាហកម្មទំនើបដែលមានមុខរបរសព្វគ្រប់។

ចាប់តាំងពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើងមក ផលិតផលក្នុងស្រុកសរុបបានកើនឡើង៥៦ដង។ កម្លាំងជាក់ស្តែងផ្នែកសេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្ត្រ និងបច្ចេកទេសរបស់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ បច្ចេកវិទ្យាលើវិស័យឧស្សាហកម្ម កសិកម្ម ការពារជាតិនិងវិទ្យាសាស្ត្របានឡើងដល់កម្រិត ឈានមុខនៅលើពិភពលោក។

សូមយកការងារលុបបំបាត់ភាពក្រីក្រធ្វើជាឧទាហរណ៍ ចាប់ពីឆ្នាំ២០១២ ដល់ចុងឆ្នាំ២០២០ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនបានសម្រេច បានតាមពេលកំណត់នូវការធ្វើឱ្យជនក្រីក្រនៅជនបទចំនួន៩៨៩៩ម៉ឺននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារបច្ចុប្បន្នចេញផុតពីភាពក្រីក្រទាំងអស់ បានបង្កើតអច្ឆរិយថ្មីលើវិស័យធានាសិទ្ធិមនុស្សជាសកល ហើយបានសម្រេចមុនពេលកំណត់១០ឆ្នាំនូវគោលដៅកាត់បន្ថយភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ អត្រារួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រសកលរបស់ចិនលើសពី៧០ភាគរយ។

ចំណែកកិច្ចកសាងផ្លូវដែកល្បឿនលឿនវិញ នៅដើមសតវត្សរ៍នេះ ប្រទេសចិនគ្មានផ្លូវដែកល្បឿនលឿននោះទេ។ ប៉ុន្តែដល់បច្ចុប្បន្ននេះប្រទេសចិនដែលមានចំនួន ប្រជាជនច្រើនជាងគេលើសកលលោក មានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតនៅលើសកលលោក។ ដល់ឆ្នាំ២០២០ ទីក្រុងចិនដែលមានចំនួនប្រជាជនលើសពី ៥សែននាក់ ចំនួន៧៥ភាគរយបានដាក់ឱ្យប្រើប្រាស់ផ្លូវដែកល្បឿនលឿន។ តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០៣៥ ប្រវែងសរុបនៃផ្លូវដែកល្បឿនលឿនប្រទេសចិន នឹងកើនឡើង១ដង ដល់ទៅ៧ម៉ឺនគីឡូម៉ែត្រ។

ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចវិញ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានការវាយទម្លុះលើវិស័យអភិវឌ្ឍសេដ្ឋកិច្ចបានក្លាយជាអង្គភាពសេដ្ឋកិច្ច ធំទីពីរនៅលើពិភពលោក ។ បក្សកុម្មុយនិស្តចិនបានធ្វើឱ្យឧត្តមគតិនិងជំនឿចិត្ត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចបានគ្រោងនិងអនុវត្តគោលនយោបាយ សេដ្ឋកិច្ច ពាក់ព័ន្ធ សមិទ្ធផលខាងសេដ្ឋកិច្ចដ៏ធំធេងរបស់ប្រទេសចិនធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រស់នៅក្នុងប្រទេសបែបនេះ អារម្មណ៍ទទួលបាននិងអារម្មណ៍សុខសុភមង្គលរបស់ប្រជាជនបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈពេលខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ការស្ទង់ប្រជាមតិជាច្រើនបានបង្ហាញថាអត្រាពេញចិត្តនិងអត្រាមានទំនុកចិត្តរបស់ប្រជាពលរដ្ឋចិនចំពោះបក្សកុម្មុយនិស្តចិន បានកើនឡើងយ៉ាងខ្លាំង។ អ្នកចូលរួមផ្តល់ប្រជាមតិបានបង្ហាញថា បក្សកុម្មុយនិស្តចិនទទួលបានការគាំទ្រពីប្រជាជនចិនគឺដោយមកពីទស្សនៈរបស់បក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាចម្បង ធ្វើអ្វីៗទាំងអស់សុទ្ធតែដើម្បីផលប្រយោជន៍របស់ប្រជាជន និងពឹងផ្អែកទៅលើប្រជាជនចិន។

នៅឆ្នាំ២០១៩ ក្រុមហ៊ុន Edelman Public Relations របស់អាមេរិកបានធ្វើការស្ទង់ប្រជាមតិមួយ ក្នុងន័យធ្វើការស៊ើបអង្កេតពីកម្រិតមានទំនុកចិត្តចំពោះ ប្រទេសខ្លួនឯងរបស់ប្រជាពលរដ្ឋនៃប្រទេសនានា ទីបំផុតក្រុមហ៊ុននេះបានរកឃើញថា នៅលើពិភពលោកកម្រិតជាមធ្យមរបស់ប្រជាពលរដ្ឋមានទំនុកចិត្ត ចំពោះប្រទេសខ្លួនឯង គឺ ៤៧ភាគរយ រីឯប្រជាជនចិនវិញ មានកម្រិតទំនុកចិត្តចំពោះប្រទេសចិនដល់ទៅ៧៩ភាគរយ ហើយរបាយការណ៍ស្ទង់ប្រជាមតិថ្មីបំផុត ដែលក្រុមហ៊ុននេះបានចេញផ្សាយនោះបានបង្ហាញថា ទិន្នន័យរបស់ប្រទេសចិនបានឡើងដល់៨២ភាគរយហើយ។

តួលេខនេះធ្វើឱ្យប្រព័ន្ធសារព័ត៌មានបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានអារម្មណ៍ថា ប្រទេសចិនពិតជាប្រទេសមានភាពអស្ចារ្យមែនដែលប្រជាពលរដ្ឋជឿជាក់លើ ប្រទេសខ្លួនឯងស្ទើរតែគ្មានល័ក្ខខ័ណ្ឌ។ ទាក់ទិននឹងបញ្ហានេះ លោក Kerry Brown អ្នកជំនាញអំពីបញ្ហាចិនរបស់ប្រទេសអង់គ្លេសបានថ្លែងថាក្នុងរយៈពេល៤០ឆ្នាំ កន្លងមក ប្រទេសចិនបានអភិវឌ្ឍសេដ្ឋកិច្ចដោយជោគជ័យ ទទួលបានសមិទ្ធផលយ៉ាងលេចធ្លោលើវិស័យលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកែលម្អហេដ្ឋារចនាសម័្ពន្ធជាដើម។

លោកសម្គាល់ឃើញថាប្រទេសលោកខាងលិចគួរតែទទួលស្គាល់ចំណុចនេះ ប្រទេសចិនមិនគួរត្រូវបានគេចាត់ទុកជាកូនសិស្សនោះទេ លើវិស័យមួយចំនួន ប្រជាជនចិនអាចបង្រៀនលោកខាងលិចបទពិសោធន៍ជាច្រើន។ ឆ្លងកាត់ដំណើរអភិវឌ្ឍន៍មួយរយឆ្នាំ ប្រវតិ្តសាស្ត្រនិងប្រជាជនចិនបានជ្រើសរើសបក្សកុម្មុយនិស្តចិន បក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់ការចាត់ទុកប្រជាជនជាចម្បងជាប់រហូតមក ហើយឆ្លងកាត់ការធ្វើកំណែទម្រង់ចំពោះខ្លួនឯងឥតឈប់ឈរទទួលបានការគាំទ្រយ៉ាង ស្មោះពីប្រជាជនចិន។

អ្នកណាម្នាក់ដែលគោរពការពិតជាក់ស្តែងសុទ្ធតែនឹងទទួលស្គាល់ថា ភាពជោគជ័យរបស់បក្សកុម្មុយនិស្តចិនមិនត្រឹមតែមានសារសំខាន់ចំពោះ ប្រជាជនចិននិងប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់សកលប្រកបដោយភាពជាក់ស្តែងនិងយូរអង្វែងផងដែរ៕