(ឡុងដ៍)៖ វីរុសកូវីដ-១៩ បម្លែងថ្មី Delta នៅតែបន្តលុកលុយកាន់តែខ្លាំងនៅជុំវិញពិភពលោក ដោយបង្កឱ្យមានការព្រួយបារម្ភថាវាអាចអត់ធន់ប្រឆាំងនឹងវ៉ាក់សាំង ក៏ដូចជាអាចនឹងបំផ្លាញក្ដីសង្ឃឹមនៃការវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ ខណៈបណ្ដាប្រទេសមួយចំនួនធំត្រូវបង្ខំចិត្តដាក់ចេញឡើងវិញនូវវិធានការរឹតត្បិត ដោយសារតែវីរុសបម្លែងថ្មីមួយនេះ។

បើតាមអង្គការសុខភាពពិភពលោក WHO វីរុសបម្លែងថ្មី Delta ដែលគេរកឃើញមុនគេនៅឥណ្ឌា ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង៨៥ និងត្រូវបានគេ ចាត់ទុកថាជាវីរុសបម្លែងខ្លួនថ្មីមានសមត្ថភាពចម្លងជំងឺរហ័សជាងគេបំផុត បើធៀបទៅនឹងវីរុសកូវីដ-១៩ បម្លែងថ្មីដទៃ។ អង់គ្លេសកំពុងស្ថិតនៅក្រោមការតាមដាន យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់បណ្ដាប្រទេសដទៃ ដោយសារតែវីរុស Delta កំពុងរ៉ាប់រងករណីឆ្លងថ្មីៗនៅក្នុងប្រទេសមួយនេះបើទោះជាមានអាត្រា ចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។

*តើក្រុមមនុស្សណាខ្លះងាយរងគ្រោះនឹងវីរុសបម្លែងថ្មី Delta?

បច្ចុប្បន្ន ទិន្នន័យនៅក្នុងប្រទេសអង់គ្លេសបានបង្ហាញឱ្យដឹងថាតើវីរុសបម្លែងថ្មី Delta ឆ្លងលឿនរហ័សដល់កម្រិតណា ហើយក្រុមមនុស្សណាខ្លះដែលងាយរងគ្រោះ ជាងគេ?

វីរុសបម្លែងថ្មី Delta កំពុងរ៉ាប់រងរហូតដល់ទៅ ៩៥ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ នៅក្នុងប្រទេសអង់គ្លេស ក្នុងនោះក្រុមមនុស្សវ័យក្មេង, អ្នកមិនទាន់ចាក់ វ៉ាក់សាំង ឬអ្នកចាក់វ៉ាក់សាំងដូសទី១ គឺជាក្រុមមនុស្សស្ថិតនៅក្រោមហានិភ័យឆ្លងខ្ពស់ជាងគេ ស្របពេលមនុស្សចាស់នៅតែប្រឈមមុខនឹងអាតា្រស្លាប់ខ្ពស់មាន ជាប់ពាក់ព័ន្ធនឹងវីរុសបម្លែងថ្មីនេះ។ បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ការឆ្លង COVID-19 ចំនួន ៩២,០២៩ករណីត្រូវបានវិភាគនៅចន្លោះពីដើមខែកុម្ភៈ ដល់ពាក់កណ្ដាលខែមិថុនាកន្លងទៅនេះ និងបញ្ជាក់ថាករណីឆ្លងទាំងនេះមានទាក់ទងនឹងវីរុស Delta។

នៅក្នុងចំណោមករណីឆ្លងទាំងនេះមាន ៨២,៥០០ករណីត្រូវបានរាយការណ៍លើក្រុមមនុស្សមានអាយុក្រោម៥០ឆ្នាំ ហើយភាគច្រើនទៀតសោតពោលគឺមាន ៥៣,៨៨២ករណី ត្រូវបានរកឃើញលើក្រុមមនុស្សមិនទាន់បានចាក់វ៉ាក់សាំង។ លើសពីនេះទៅទៀត ក្នុងចំណោមករណីឆ្លងលើអ្នកមិនទាន់ចាក់វ៉ាក់សាំង មានភាគច្រើនជាក្រុមមនុស្សមានអាយុក្រោម៥០ឆ្នាំ (៥២,៨៤៦ករណី) និង ៩៧៦ករណីប៉ុណ្ណោះជាក្រុមមនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

អាជ្ញាធរសុខាភិបាលអង់គ្លេសក៏បានឱ្យដឹងដែរថាអ្នកជំងឺ ១១៧នាក់ដែលបានស្លាប់ដោយសារវីរុសបម្លែងថ្មី Delta ភាគច្រើនជាក្រុមមនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ និង អ្នកស្លាប់៨នាក់មានអាយុក្រោម៥០ឆ្នាំ ក្នុងនោះមាន ៦នាក់មិនទាន់បានចាក់វ៉ាក់សាំង និង២នាក់បានចាក់វ៉ាក់សាំងដូសទី១។

*តើវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Delta ឬទេ?

បើតាមទិន្នន័យរបស់អាជ្ញាធរសុខាភិបាលអង់គ្លេស វីរុសបម្លែងថ្មី Delta ត្រូវបានរកឃើញទាំងនៅលើអ្នកបានចាក់វ៉ាក់សាំងដូសទី១ និងចាក់ទាំង២ដូស។ ប៉ុន្តែករណី ឆ្លងលើអ្នកចាក់វ៉ាក់សាំងទាំង២ដូសមានចំនួនតិចជាង ដែលនេះបង្ហាញពីភាពចំាបាច់ត្រូវការចាក់វ៉ាក់សាំង។ នៅក្នុងចំណោមករណីឆ្លងចំនួន ៩២,០២៩ ដែលមាន ជាប់ពាក់ព័ន្ធនឹងវីរុស Delta មានជិត ២០,០០០ករណីកើតលើអ្នកចាក់វ៉ាក់សាំង COVID-19 ដូសទី១ និង ៧,៧៣៥ករណីត្រូវបានរកឃើញលើអ្នកបានចាក់វ៉ាក់សាំង ទាំង២ដូស។

តាមរយៈទិន្នន័យទាំងនេះ វាបានបង្ហាញថាគ្មានវ៉ាក់សាំង COVID-19 ណាមួយអាចការពារយើង ១០០ភាគរយពី COVID-19 បាននោះទេ។ តែការចាក់វ៉ាក់សាំងទាំង ២ដូស ដូចជាវ៉ាក់សាំង Pfizer-BioNTech ឬ AstraZeneca អាចជួយកាត់បន្ថយអាត្រាអ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យ និងអាត្រាស្លាប់ដោយសារវីរុសបម្លែងថ្មី Delta។

*តើវីរុស Delta នឹងបំផ្លាញក្ដីសង្ឃឹមត្រឡប់ទៅរកជីវភាពធម្មតាវិញ ឬ?

ក្រុមអ្នកជំនាញជំងឺឆ្លងជាច្រើន ក្នុងនោះរួមមានទំាងអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci ធ្លាប់បានព្រមានថាវីរុសបម្លែងថ្មី Delta កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងកម្ចាត់ COVID-19 និងការវិលត្រឡប់ទៅរកជីវភាពរស់នៅបែបធម្មតាវិញ។ លោក Fauci អះអាងថា មធ្យោបាយល្អមួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មី Delta និងដើម្បីទប់ស្កាត់កុំឱ្យមានវីរុសបម្លែងថ្មីកើតមានតទៅទៀត នោះគឺ «ការចាក់វ៉ាក់សាំង»។

តែយ៉ាងណាក៏ដោយ ការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបម្លែងថ្មី Delta បាន និងកំពុងបង្ខំឱ្យបណ្ដាប្រទេសជាច្រើនដូចជា អូស្ត្រាលី, នូវែលសេឡង់, បង់ក្លាដែស, រុស្ស៊ី, ព័រទុយហ្កាល់, អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង ព្រមទាំងអ៉ីស្រាអែល និងអង់គ្លេសដែលមានអាត្រាចាក់វ៉ាក់សាំងខ្ពស់ប្រកាសដាក់ ចេញឡើងវិញនូវវិធានការរឹតត្បិតនានា រួមទាំងវិធានការបិទខ្ទប់មួយចំនួនផងដែរ ដែលនេះហើយបានក្លាយជាក្ដីកង្វល់ថាពិភពលោកកំពុងវិលត្រឡប់ទៅរក
ការបិទខ្ទប់ ឬ Lockdown សាជាថ្មី៕

ប្រភព៖ CNBC (ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១)