(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់បរទេស បូករួមទាំងប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចផង បានទទួលស្គាល់ថា ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចេញផុតពីភាពអន់ថយ ដែលក្រីក្រនិងទន់ខ្សោយ ប្រែទៅជាប្រទេសមានវិបុលភាព និងមានភាពខ្លាំងក្លាយ៉ាងឆាប់រហ័ស។
កាលពីថ្ងៃទី២៦ខែមិថុនា ទស្សនាវដ្តី «The Economist» របស់អង់គ្លេស បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ក្បួនសម្ងាត់អាយុវែងរបស់បក្សកុម្មុយនិស្តចិន ដែលមានអាយុ១០០ឆ្នាំ» ដោយលើកឡើងថា គ្មានរដ្ឋអំណាចកុម្មុយនិស្តផ្សេងទៀត អាចធ្វើដូចប្រទេសចិននោះឡើយ ដែលប្រែក្លាយពីគ្រោះមហន្តរាយទុរ្ភិក្ស ទៅជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ហើយបច្ចេកទេសទំនើបឈានមុខ និងហេដ្ឋារចនាសម្ព័ន្ធល្អពេញលេញរបស់ចិន ធ្វើឱ្យផ្លូវថ្នល់និងផ្លូវដែកខ្ទេចខ្ទាំរបស់សហរដ្ឋអាមេរិក មើលទៅអន់ថយយ៉ាងខ្លាំង។
វេបសាយនៃកាសែត «Rebelion» របស់អេស្ប៉ាញ បានចុះផ្សាយអត្ថបទថា ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើង៨៦ដង នេះគឺមិនដែលមានកាលពីមុនឡើយ នៅលើពិភពលោក។ ចាប់តាំងពីធ្វើកំណែទម្រង់និងបើកទូលាយមក បក្សកុម្មុយនិស្តចិន បានធ្វើឱ្យជនក្រីក្រចំនួន៨រយលាននាក់ ចេញផុតពីភាពក្រីក្រ នេះត្រូវគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលយូរអង្វែង ក្នុងប្រវត្តិសាស្ត្រអរិយធម៌នៃពិភពលោក ។
កាសែត «Yomiuri Shinbun» របស់ជប៉ុនចុះផ្សាយថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល បច្ចុប្បន្ននេះបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចជាសមិទ្ធផលដ៏សំខាន់ បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
កាសែត «LeMonde» របស់បារាំងបានចុះផ្សាយអត្ថបទថា ការស្ទង់ប្រជាមតិបានបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាគាំទ្ររបស់ប្រជាជនចិនចំពោះបក្សកុម្មុយនិស្តចិន បានកើនឡើងឥតឈប់ឈរ ភាពធន់របស់បក្សកុម្មុយនិស្តចិន គឺបានមកពីសមត្ថភាពសម្របខ្លួនរបស់គណបក្សនេះ៕