(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី នៅថ្ងៃពុធនេះបានប្រកាសដាក់ចេញ នូវវិធានការរឹតត្បឹតបន្ថែម សម្រាប់អ្នកដំណើរមកពីប្រទេសអូស្រ្តាលី នៅចំពោះមុខការផ្ទុះឡើងនូវករណីឆ្លងជំងឺ COVID-19 ជាច្រើនករណីនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។
ចាប់ពីម៉ោង ១១៖៥៩នាទីយប់ថ្ងៃសុក្រសប្តាហ៍នេះនេះ ប្រជាជនសិង្ហបុរី អ្នកស្នាក់នៅអចិន្រ្តៃយ៍ និងអ្នកដំណើរស្នាក់នៅរយៈពេលវែង ដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីក្នុងរយៈពេល២១ថ្ងៃ មុនពេលធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី នឹងត្រូវធ្វើតេស្តរកជំងឺ COVID-19 តាមរយៈការធ្វើតេស្ត PCR ជាមុនសិន នៅពេលមកដល់ប្រទេសសិង្ហបុរី។ បន្ទាប់មក ពួកគេនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ០៧ថ្ងៃនៅឯលំនៅឋានរៀងៗខ្លួន ហើយត្រូវធ្វើតេស្ត PCR ម្តងទៀត មុនពេលចេញពីការធ្វើចត្តាឡីស័ក។
ចំណែកឯ អ្នកដំណើរដែលស្នាក់នៅរយៈពេលខ្លី ដែលកាន់លិខិត Air Travel Pass និងមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល២១ថ្ងៃ មុនពេលពួកគេគ្រោងធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី នឹងមិនត្រូវអនុញ្ញាតឱ្យចូលប្រទេសនេះឡើយ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលសិង្ហបុរី (MOH) វិធានការទាំងនេះ នឹងត្រូវបានអនុវត្តសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសអូស្រ្តាលី ដោយសារមូលហេតុថា ការកើនឡើងនូវចំនួនករណីឆ្លងជំងឺ COVID-19 ជាច្រើនករណីនៅទីនោះ ខណៈទីក្រុងចំនួន០៤ របស់អូស្រ្តាលី នាពេលបច្ចុប្បន្ន កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ៕