(ប៉េកាំង)៖ «អ្នកទទួលគ្រឿងឥស្សរិយយស ១ កក្កដា សុទ្ធតែបានមកពីប្រជាជន មានឬសគល់ក្នុងប្រជាជន ជាវីរជនសាមញ្ញ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន និងរួមចំណែកដោយស្ងៀមស្ងាត់» លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនិស្តចិន បានលើកឡើងដូចពោលខាងលើក្នុងពេលថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ១ កក្កដា នៅថ្ងៃទី២៩ ខែមិថុនា។
«គ្រឿងឥស្សរិយយស ១ កក្កដា» ជាកិត្តិយសខ្ពង់ខ្ពស់បំផុតក្នុងបក្សកុម្មុយនិស្តចិន ហើយឆ្នាំនេះគឺជាលើកទីមួយ ដែលបានបំពាក់គ្រឿងឥស្សរិយយសនេះ អ្នកទទួលបានគ្រឿងឥស្សរិយយសលើកនេះ មានមនុស្សចំនួន ២៩ នាក់ ដូចជាលោកស្រី Ma Maojieដែលបានចូលរួមប្រយុទ្ធយ៉ាងអង់អាច ក្នុងសង្គ្រាមឆ្លងទន្លេយ៉ង់សេ តែលាក់ឈ្មោះលាក់មុខមិនដណ្តើមផលប្រយោជន៍ ក្នុងសម័យសន្តិភាព លោកHuang Dafaដែលបានដឹកនាំអ្នកភូមិចំណាយពេលអស់៣៦ឆ្នាំក្នុងការជីកប្រឡាយជីវិតមួយ លោក Wu Tianyi ដែលមានអាយុជាង៨០ឆ្នាំ តែនៅតែធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅតំបន់ខ្ពង់រាបដោយបំពាក់ឧបករណ៍ជំនួយបេះដូង និងលោកស្រី Huang Wenxiu ដែលសុខចិត្តលះបង់ជីវិតដើម្បីកិច្ចការយកឈ្នះលើការកាត់បន្ថយភាពក្រីក្រ។ល។
រឿងរ៉ាវរបស់អ្នកទទួលបានគ្រឿងឥស្សរិយយសចំនួន ២៩ នាក់ទាំងនេះ មិនត្រឹមតែតំណាងឱ្យការលះបង់ និងការរួមចំណែកនៃបក្សកុម្មុយនិស្តចិន ក្នុងរយៈពេលមួយរយឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីស្មារតីរបស់ សមាជិកបក្សកុម្មុយនិស្តចិន ដែលបានបង្កើតឡើងក្នុងដំណើរតស៊ូប្រយុទ្ធយ៉ាងលំបាកលំបិន ក្នុងរយៈពេល១សតវត្សរ៍កន្លងមកផងដែរ។
បន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយស ១ កក្កដា លោកស្រី Zhang Guimei ដែលបានបង្កើតវិទ្យាល័យសិស្សស្រី ដែលឥតគិតថ្លៃដំបូងបង្អស់នៅប្រទេសចិន បានថ្លែងថា «អ្វីដែលយើងខ្ញុំបានធ្វើគ្រាន់តែជារឿង ដែលសមាជិកបក្សកុម្មុយនិស្តចិនជាច្រើន បានធ្វើរាល់ថ្ងៃ»។ ពាក្យសំដីនេះបានបង្ហាញឱ្យឃើញ នូវហេតុផលសាមញ្ញមួយ ពោលគឺ រឿងរ៉ាវរបស់ពួកគេ យើងអាចរៀនសូត្រតាមនិងអាចធ្វើតាម ស្មារតីរបស់ពួកគេ យើងក៏អាចរៀនសូត្រតាមផងដែរ។ នេះគឺមានន័យថា ប្រជាជនចិនគ្រប់រូបសុទ្ធតែអាចធ្វើការងារដ៏អស្ចារ្យ ក្នុងកន្លែងការងារដ៏សាមញ្ញ។ វីរជនសាមញ្ញដ៏ច្រើនរាប់មិនអស់ទាំងនេះ បានប្រមូលផ្តុំជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញឱ្យ បក្សកុម្មុយនិស្តចិនទទួលបានភាពជោគជ័យឥតឈប់ឈរ ក៏ដូចជាប្រមូលផ្តុំជាកម្លាំងចលករសម្រាប់ជំរុញ ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ។
ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន។ ក្នុងរយៈពេល១រយឆ្នាំកន្លងមក ដើម្បីផលប្រយោជន៍របស់ប្រជាជន សមាជិកបក្សកុម្មុយនិស្តចិនមួយជំនាន់និងមួយជំនាន់ទៀត បានខំប្រឹងប្រែងពុះពារឧបសគ្គនិងបោះជំហានទៅមុខ ដោយពឹងផ្អែកទៅលើប្រជាជន។ ក្នុងដំណើរការនេះ ស្មារតីដ៏មានតម្លៃរបស់បក្សកុម្មុយនិស្តចិន ត្រូវបន្តវេនជាបន្តបន្ទាប់ ដែលបានបង្ហាញពីគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ដែលមិនដែលកែប្រែនោះទេ៕