(បាងកក)៖ នៅថ្ងៃពុធនេះ ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤,៧៨៦នាក់ និងស្លាប់៥៣នាក់ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១២៧នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៩នាក់ ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,៨២៦នាក់។ បន្ទាប់មកទៀត រួមមានខេត្ត Samut Prakan ដែលរកឃើញ៤៣៣នាក់, ខេត្ត Samut Sakhon រកឃើញ២៥៣នាក់, ខេត្ត Chonburi រកឃើញ២០៨នាក់ ខណៈនៅខេត្ត Nakhon Pathom, Pathum Thani, Songkhla, Nonthaburi និង Pattani រកឃើញចន្លោះចន្លោះ១០៦-១៩១នាក់។ ក្នុងថ្ងៃដដែលនេះ ថៃក៏បានរាយការណ៍ពីអ្នកទើបជាសះស្បើយ ចំនួន២,៤១៥នាក់ផងដែរ។
គួរបញ្ជាក់ថា សរុបមក ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២៥៩,៣០១នាក់ ក្នុងនោះ២,០២៣នាក់ស្លាប់ និង២០៧,៤៧៩នាក់ ជាសះស្បើយឡើងវិញ។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ថៃសម្រេចបាន៩.៦៧លានដូស៕