(បរទេស)៖ យោងតាមព័ត៌មានបរទេសបានចុះផ្សាយថា បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនសម្រាប់ប្រើប្រាស់ជាបន្ទាន់ ប្រទេសសិង្ហបុរីបានចាត់វិធានការភ្លាមៗ ដោយកំណត់យកនិងអនុញ្ញាតឲ្យស្ថាប័នវេជ្ជសាស្រ្តឯកជនចំនួន ២៤ ក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងស៊ីណូវ៉ាក់។

ក្រោយពេលស្ថាប័នវេជ្ជសាស្រ្តទាំងនេះ បានត្រៀមលក្ខណៈរួចរាល់ហើយ បានប្រកាសចាប់ផ្តើមចាក់វ៉ាក់សាំងចិនជាផ្លូវការ។  ប្រជាជនសិង្ហបុរីបានសារទរ និងពេញចិត្តខ្លាំងចំពោះវ៉ាក់សាំងរបស់ចិន ជាងការគិតទុកទៅទៀត។ ប្រជាជនសិង្ហបុរីបានបង្ហាញនូវបំណង ចង់ចាក់វ៉ាក់សាំងយ៉ាងខ្លាំងក្លាតាំងពីពេលចាប់ផ្តើម ការចាក់វ៉ាក់សាំងដំបូង។ ពីមុនប្រទេសសិង្ហបុរីបានប្រើប្រាស់វ៉ាក់សាំង Pfizer និង វ៉ាក់សាំង Modena របស់អាមេរិក ក្រោយដាក់ឲ្យចាក់វ៉ាក់សាំងប្រភេទនេះគឺពុំសូវមានអ្នកចាក់ច្រើនទេ។

ប៉ុន្តែតាំងពីចាប់ផ្តើមឲ្យចាក់វ៉ាក់សាំងចិន ខ្សែទូរស័ព្ទទាក់ទងសម្រាប់ណាត់ចាក់វ៉ាក់សាំង ត្រូវបានហៅចូលជាប់រហូតសឹងតែចង់ផ្ទុះទៅហើយ។ បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមួយបានឲ្យដឹងថា ក្រោយពេលអាចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ វេបសាយរបស់ពួកគេទទួលបានសាររាល់រយ ដែលទាក់ទងមកសាកសួរព័ត៍មានក្នុងមួយថ្ងៃ គឺសុទ្ធសឹងតែសួរអំពីវ៉ាក់សាំងស៊ីណូវ៉ាក់ទាំងអស់។

ស្ថាប័នវេជ្ជសាស្ត្រឯកជនមួយផ្សេងទៀត ក៏មានស្ថានភាពដូចគ្នា ពោលគឺមនុស្សអ៊ូអរពេញមន្ទីរពេទ្យបុគ្គលិកពេទ្យមួយរូបបានបញ្ចេញឲ្យដឹងថា ក្នុងមួយថ្ងៃៗត្រូវទទួលទូរស័ព្ទរាប់មិនអស់ យ៉ាងតិចណាស់ក៏មាន ៨០០ទូរសព្ទដែរ តាំងពីព្រឹកដល់យប់ សម្លេងទូរស័ព្ទគឺរោទិ៍មិនឈប់សោះ។ បច្ចុប្បន្នវ៉ាក់សាំងស៊ីណូវ៉ាក់ ទើបតែចាប់ផ្តើមចាក់នៅប្រទេសសិង្ហបុរី ប៉ុន្តែបានឈានដល់ស្ថានភាពផ្គត់ផ្គង់មិនអាចបំពេញតាមតម្រូវការទៅហើយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានសម្ភាសន៍ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងហើយស្ថាប័ននេះបានបញ្ជាក់ថា ចំនួននៃអ្នកណាត់ចាក់វ៉ាក់សាំង ដែលបានទទួលមានប្រមាណជាងមួយពាន់នាក់ប៉ុន្តែក្នុងស្តុករបស់ពួកគាត់នៅសល់វ៉ាក់សាំងតែ ២០០ដូសប៉ុណ្ណោះ ដោយសារតែមនុស្សម្នាក់ត្រូវចាក់ ២ដូស ដូច្នេះវ៉ាក់សាំងក្នុងស្តុកអាចប្រើសម្រាប់ចាក់បាន ១០០នាក់ ពោលគឺបានត្រឹមតែមួយភាគដប់ នៃចំនួនអ្នកណាត់ចាក់។

យោងតាមបទសម្ភាសន៍ជាមួយនឹងប្រជាជនសិង្ហបុរី ឃើញថាមានស្ថានភាព «ខ្លាំងជាង» ព័ត៌មានទទួលបានពីទីកន្លែងចាក់វ៉ាក់សាំងទៅទៀត។ បុរសអាយុ ៧០ឆ្នាំម្នាក់បានប្រាប់អ្នកសារព័ត៍មានថា បន្ទាប់ពីបានដឹងថាសិង្ហបុរីអាចចាក់វ៉ាក់សាំងរបស់ចិន គាត់និងក្រុមគ្រួសារបានចាប់ផ្តើមគិត និងស្វែងរកវិធីណាត់ចាក់វ៉ាក់សាំង ក្រោយមកសមាជិកក្រុមគ្រួសារទាំងអស់ បានតេទូរស័ព្ទទៅកាន់ទីតាំងចាក់វ៉ាក់សាំងចិនជាច្រើនកន្លែង ជាលទ្ធផលគឺពួកគាត់តេអស់ពេញមួយថ្ងៃ តេចូលតែមួយទីតាំងតែប៉ុណ្ណោះ ពិបាកណាស់ទើបតែចូល ខាងពេទ្យបែរជាប្រាប់គាត់ថាចាំ២សប្តាហ៍ទៀតចាំតេមកណាត់ម្តងទៀត។

មុននឹងប្រទេសសិង្ហបុរីបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស បើមើលពីភាពសាទរ និងពេញចិត្តរបស់ប្រជាជនសិង្ហបុរី ប្រហែលជាមិនទាន់ចាប់ផ្តើមឲ្យចាក់ផង វ៉ាក់សាំងនេះត្រូវបានគេណាត់ចាក់អស់បាត់ទៅហើយ។ ទាំងនេះធ្វើឲ្យមនុស្សជាច្រើននឹកស្មានមិនដល់ ជាពិសេសគឺប្រព័ន្ធព័ត៍មានអឺរ៉ុប ពួកគេគិតមិនយល់ថា សិង្ហបុរីមានវ៉ាក់សាំងរបស់អាមេរិកចំនួនពីរប្រភេទ ដែលអាចចាក់បានហេតុអ្វីបានជាមិនឃើញប្រជាជនសិង្ហបុរីបង្ហាញនូវមានបំណងខ្លាំងក្លាក្នុងការចង់ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូចវ៉ាក់សាំងចិន? ក្រោយពេលអាចចាក់វ៉ាក់សាំងរបស់ចិន វ៉ាក់សាំងរបស់អាមេរិកសឹងតែគ្មានមនុស្សសួររក។

យោងតាមប្រជាជនសឹង្ហបុរីបានបញ្ចេញឲ្យដឹងថា ពួកគាត់ភាគច្រើនមានការបារម្ភ ចំពោះប្រតិកម្មអវិជ្ជមានរបស់វ៉ាក់សាំងអាមេរិក តែជឿជាក់ខ្លាំងលើវ៉ាក់សាំងរបស់ចិន។ ការជឿជាក់នេះមិនត្រឹមតែដោយសារតែបច្ចេកទេសដែលប្រើប្រាស់ក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងទេ ជាងនេះទៅទៀតគឺព្រោះតែជឿជាក់ ចំពោះផលិតផលរបស់ប្រទេសចិន។ វ៉ាក់សាំងរបស់អាមេរិកបាននាំចូលប្រទេសសិង្ហបុរីយូរហើយតែពុំបានបង្កឲ្យប្រជាជនសិង្ហបុរី ដណ្ដើមគ្នាទៅចាក់វ៉ាក់សាំងឡើយ មូលហេតុគឺដោយសារតែប្រតិកម្មអវិជ្ជមានធ្ងន់ធ្ងរ គ្រប់ប្រភេទដែលអាចកើតមានក្នុងការចាក់វ៉ាក់សាំងអាមេរិក នេះមិនមែនជាពាក្យចរចារាម ដែលបំភ័យនិងបង្អែលដោយឥតហេតុផលទេ ករណីស្លាប់ក្រោយចាក់វ៉ាក់សាំង Pfizer បានកើតមានគ្រប់ទីកន្លែង ចំណែកវ៉ាក់សាំងរបស់ចិន គឺមិនដែលកើតមានបញ្ហាប្រភេទនេះឡើយ។

សុវត្ថិភាពរបស់វ៉ាក់សាំងចិនអាចនិយាយថា លិចធ្លោជាងគេ ចំណែកប្រសិទ្ធភាពវិញ បើប្រៀបធៀបនឹងវ៉ាក់សាំងអាមេរិកគឺមិនមានអ្វីខុសគ្នាទេ យោងតាមលទ្ធផលជាក់ស្តែង ដែលទទួលបានពីប្រទេសជាច្រើន ដែលបានប្រើវ៉ាក់សាំងចិនឃើញថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពខ្ពស់ណាស់ ពោលគឺខ្ពស់ជាងតួលេខពិសោធន៍ទៅទៀត មានទាំងសុវត្ថិភាពទាំងប្រសិទ្ធភាព ប្រជាជននៃប្រទេសនីមួយៗប្រាកដជា ស្ម័គ្រចិត្តក្នុងចាក់វ៉ាក់សាំងនេះ។ កែវភ្នែករបស់មហាជនគឺភ្លឺច្បាស់ណាស់ វ៉ាក់សាំងអាចជឿទុកចិត្តនិងប្រើប្រាស់បានឬអត់ មិនមែនអាស្រ័យលើការនិយាយរបស់ ប្រព័ន្ធព័ត៌មានអឺរ៉ុបទាំងនោះទេ ការជ្រើសរើសរបស់មហាជន ដែលមានសម្លេងភាគច្រើនទើបជាស្តង់ដារប្រកបដោយអព្ភន្តរញ្ញាណបំផុត៕