(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានប្រកាសទទួលស្គាល់ថា ចិនគឺជាប្រទេសមួយដែលលែងមានជំងឺគ្រុនចាញ់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺ ដែលបង្កឡើងដោយមូសដែកគោលមួយនេះ អស់រយៈពេលជាង ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺគ្រុនចាញ់ ៣០លានករណីក្នុងមួយឆ្នាំនៅអំឡុងទសវត្សរ៍ ១៩៤០។ ប៉ុន្តែក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយនេះ ចិនមិនបានរាយការណ៍ពីករណីឆ្លងជំងឺគ្រុនចាញ់នោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ដូច្នេះថា «យើងសូមអបអរសាទរប្រជាជនចិន សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់... ហើយតាមរយៈជោគជ័យនេះ ចិនបានចូលរួមជាមួយ បណ្ដាប្រទេសដទៃមួយចំនួនទៀត ក្នុងការបង្ហាញថាការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាគោលដៅរបស់ពិភពលោកនៅពេលអនាគត»។
គួរបញ្ជាក់ថា តាមរយៈការប្រកាសទទួលស្គាល់ខាងលើ ចិនបានក្លាយជាដែនដីទី ៤០ ដែលត្រូវបានបញ្ជាក់ថា គ្មានជំងឺគ្រុនចាញ់ដោយអង្គការ WHO បន្ទាប់ពី អែលសាវ៉ាឌ័រ អាល់ហ្សេរី អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ូបេគីស្ថានជាដើម ដែលត្រូវបានចាត់ទុកជាប្រទេសគ្មានជំងឺគ្រុនចាញ់ នាប៉ុន្មានឆ្នាំមកនេះ៕