(ប៉េកាំង)៖ កាលពីថ្ងៃទី២៨ ខែមិថុនា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយនិងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរបានប្រកាសសេចក្តីថ្លែងការណ៍រួម ដោយធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការថានឹងបន្លាយពេលនៃ «សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី»

ក្នុងបរិបទដែលជំងឺកូវីដ១៩ បានរីករាលដាលកាន់តែធ្ងន់ធ្ងរនៅលើពិភពលោកទាំងមូល ការពន្យារពេលនៃសន្ធិសញ្ញានេះ មិនត្រឹមតែជាសាក្សីនៃកម្លាំងជីវិត យ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញ បន្ថែមថាមពលវិជ្ជមានសម្រាប់ការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោកផងដែរ។

ក្នុងរយៈពេល២០ឆ្នាំមុន ការចុះហត្ថលេខាលើ «សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី» ពិតជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដែលបានតាំងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងភាគីទាំងពីរ ដែលជាប្រទេសជិតខាងធំបំផុតរបស់គូភាគី។ ក្នុងរយៈពេល២០ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីបានប្រកាន់ខ្ជាប់ការមិនចងបក្សសម្ព័ន្ធ មិនបដិបក្ខគ្នា និងមិនដៅចំពោះភាគីទីបីជាប់រហូតមក បានគោរពផលប្រយោជន៍ជាស្នូលរៀងខ្លួនទៅវិញទៅមកជាប់រហូតមក ក៏ដូចជាគិតពិចារណាពី ការយកចិត្តទុកដាក់ដ៏សមហេតុផលរៀងខ្លួន ដែលបានក្លាយជារូបមន្តថ្មីក្នុងការរាប់អានគ្នារវាងប្រទេសធំៗលើពិភពលោក។

បច្ចុប្បន្ននេះ ស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចអន្តរជាតិមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង។ ខ្លឹមសារនៃសន្ធិសញ្ញានេះមិនត្រឹមតែមិនបានហួសសម័យ នោះទេ ថែមទាំងក៏បានបន្ថែមខ្លឹមសារថ្មីទៀតផងដែរ។ ភាគីទាំងពីរចិននិងរុស្ស៊ីសម្រេចចិត្តបន្លាយពេលនៃសន្ធិសញ្ញានេះ វាបានបង្ហាញយ៉ាងពេញលេញនូវ គំនិតឯកភាពរួមផ្នែកនយោបាយនិងទំនុកចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅដោយឈរលើមុំយុទ្ធសាស្ត្រនឹងតាំងមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមិត្តភាពតកូនតចៅតរៀងទៅរវាងប្រជាជនប្រទេសទាំងពីរ។

ភាគីទាំងពីរចិននិងរុស្ស៊ីបានពិគ្រោះពិភាក្សាថានឹងអនុវត្តភារកិច្ចសហប្រតិបត្តិការជាច្រើនក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែមិថុនា។ ពីការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីដល់ការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកថាមពលប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ និងភាពចម្រុះ ពីការបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកទេស រហូតដល់ការជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់ និងផ្លូវ» ជាមួយនឹង សម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ី កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីនៅមានរឿងសំខាន់ៗជាច្រើនត្រូវធ្វើទៀត។

នេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយដល់ការតភ្ជាប់គ្នានៃពិភពលោកទាំងមូលផងដែរ។ ការអនុវត្ត ជាក់ស្តែងបានបញ្ជាក់ថា រុស្ស៊ីត្រូវការប្រទេសចិនដែលប្រកបដោយវិបុលភាព និងស្ថិរភាព ហើយប្រទេសចិនត្រូវការរុស្ស៊ីដែលប្រកបដោយភាពខ្លាំងក្លា និងជោគជ័យ។ ចំណែកពិភពលោកវិញគឺត្រូវការប្រទេសធំទាំងពីរចិន និងរុស្ស៊ីអាចបំពេញបន្ថែមថាមពលវិជ្ជមាននិងភាពនឹងនរ។ កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីមានភាពកាន់តែជិតស្និទ្ធ នោះសន្តិសុខនិងស្ថិរភាពនៃពិភពលោកក៏កាន់តែមានការធានាផងដែរ ៕