(ឡុងដ៍)៖ តាមរយៈការសិក្សាមួយនៅឯមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំង Moderna ផលិតនៅសហរដ្ឋអាមេរិក មានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងវីរុស COVID-19 បម្លែងថ្មី ដែលតា (Delta មានប្រដើមនៅឥណ្ឌា) ដោយគ្រាន់តែធ្លាក់ចុះតិចតួចប៉ុណ្ណោះ លើសមត្ថភាពទប់ទល់វីរុស បើធៀបនឹងការឆ្លើយតបវីរុស COVID-19 ទម្រង់ដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។
ការសិក្សាពិសោធន៍ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈ ការយកសំណាកឈាមពីអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តចំនួន ០៨នាក់ (បន្ទាប់ពីពួកបានចាក់វ៉ាក់សាំង mRNA-1273 របស់ Moderna រួចពីរដូស) មករក្សាទុកនៅក្នុងពេល ១សប្តាហ៍។ លទ្ធផលបានបង្ហាញថា វ៉ាក់សាំង Moderna នៅតែអាចជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ឲ្យទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីៗ ទាំងអស់ គ្រាន់តែប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 ទម្រង់ដើម គឺជាមានខ្លាំងក្លាជាងគេ។
លទ្ធផលសិក្សាខាងលើនេះ ថែមទាំងបានបញ្ជាក់ទៀតថា វ៉ាក់សាំង Moderna អាចជំរុញប្រព័ន្ធភាពសុំាមនុស្ស ទប់់ទល់វីរុសបម្លែងខ្លួនថ្មី Delta បានខ្លាំងជាងការទប់ទល់វីរុសបម្លែងថ្មី បេតា (Beta) ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនោះទៅទៀត។
បើតាមលោក ស្ទេហ្វាន បានសែល (Stéphane Bancel) នាយកប្រតិបត្តិរបស់ Moderna បានលើកឡើងថា លទ្ធផលពិសោធន៍ និងសិក្សាមួយនេះ ពិតជាបានផ្តល់នូវការលើកទឹកចិត្ត សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដែលនៅតែអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ទល់វីរសបម្លែងខ្លួនថ្មីៗ។ លទ្ធផលសិក្សានេះបានកើតឡើង ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាទើបប្រកាសអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង Moderna នៅក្នុងករណីបន្ទាន់៕