(សិង្ហបុរី)៖ ទិន្នន័យពីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បានបង្ហាញថា ខណៈវ៉ាក់សាំងមិនអាចការពារបានទាំងស្រុង ពីការឆ្លងជំងឺ COVID-19 ក៏ដោយ តែវាអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃរោគសញ្ញារបស់អ្នកជំងឺ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន ៦១០ករណី ដែលត្រូវបានរាយការណ៍នៅសិង្ហបុរី គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយពួកគេសុទ្ធតែមិនទាន់បានចាក់ វ៉ាក់សាំងសូម្បីតែមួយដូស ៩.២ភាគរយក្នុងចំណោមពួកគេបានចេញ «រោគសញ្ញាធ្ងន់ធ្ងរ» ដោយត្រូវការជំនួយឧស្ម័នអុកសីហ្សែន ឬក៏ត្រូវបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយមិនតែប៉ុណ្ណោះអ្នកជំងឺ ០៦នាក់បានស្លាប់។
ផ្ទុយទៅវិញ ពុំមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ក្នុងចំណោមក្រុមអ្នកឆ្លង COVID-19 ចំនួន ២៨៩នាក់ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ឬក៏ពីរដូស។ ចំណែកអត្រានៃអ្នកចេញរោគសញ្ញាក្នុងសភាពធ្ងន់ ក៏ទាបជាងដែរ គឺ ៧.៣ភាគរយនៃអ្នកជំងឺទាំងនោះ ដែលបានចាក់ ១ដូស ត្រូវការជំនួយអុកស៉ីហ្សែន ឬចូលបន្ទប់សង្រ្គោះបន្ទាន់ ខណៈអ្នកដែលបានចាក់គ្រប់ដូស គឺមានតែ ១ភាគរយប៉ុណ្ណោះ ដែលត្រូវការអុកសីហ្សែន។
គួរបញ្ជាក់ថា មកទល់ពេលនេះ សិង្ហបុរីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៦២,៥៦៣នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៦នាក់ និងជាសះស្បើយ ៦២,២១២នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង សិង្ហបុរីសម្រេចបានជាង ៥លានដូស ដោយប្រជាជនជាង ២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៥.៧លាននាក់របស់ខ្លួនបានចាក់គ្រប់ដូស៕