(ម៉ូស្គូ)៖ រុស្ស៉ីបានធ្វើតេស្តសមត្ថភាពប្រុងជើងការ នៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន នៅតំបន់គ្រីមៀ ស្របពេលដែលអ៊ុយក្រែន និងប្រទេសជាសមាជិកអង្គការ NATO បាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។
សមយុទ្ធយោធាប្រចាំឆ្នាំខាងលើដែលហៅថា ស៉ីប្រ៊ីស (Sea Breeze) បានចាប់ផ្តើមកាលពីចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីភាពតានតឹងបានកើនឡើង កាលពីសប្តាហ៍មុនរវាងនាវាចម្បាំងអង់គ្លេសនិងរុស្ស៉ី នៅលើផ្ទៃសមុទ្រខ្មៅក្បែរតំបន់គ្រីមៀ។ យោងតាមសេចក្តីរាយការណ៍នាថ្ងៃអង្គារនេះ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ី ទីក្រុងម៉ូស្គូទើបតែបានធ្វើតេស្តសមត្ថភាពត្រៀមលក្ខណៈ នៃប្រព័ន្ធការពារដែនអាកាស ដូចជា S-400 និង Pantsir នៅឯតំបន់គ្រីមៀ។
សមយុទ្ធយោធា Sea Breeze មានរយៈពេល២សប្តាហ៍ ហើយមានការចូលរួមពីកងទ័ពប្រហែល ៥,០០០នាក់ ព្រមទាំងនាវា៣០គ្រឿង និងយន្តហោះ៤០គ្រឿង មកពី NATO និងប្រទេសមួយចំនួនផ្សេងទៀត។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូចាត់ទុកឧបទ្វីបគ្រីមៀគឺជាផ្នែកនៃប្រទេសរុស្ស៉ី ប៉ុន្តែអន្តរជាតិមិនទទួលស្គាល់នោះឡើយ ដោយនៅតែចាត់ទុកវា ជាផ្នែករបស់អ៊ុយក្រែន៕