(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកជំនាញអាមេរិកមួយរូប បាននិយាយថា វីរុសបម្លែងថ្មី Delta នៃជំងឺ COVID-19 ទំនងជានឹងមានការរាលដាលជាកញ្ចុំៗ នៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានអត្រាចាក់វ៉ាក់សាំងទាបៗជាងគេ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីបណ្តាញព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ស្កុត ហ្កុតលីអេប (Scott Gottlieb) អតីតមន្រ្តីទីភ្នាក់ងារចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក បាននិយាយថា វានឹងមិនមែនជាការរាត ត្បាតទូលំលាយទូលាយតែម្តងនោះទេ តែនឹងជាការឆ្លងរាលដាលជាលក្ខណៈកញ្ចុំៗ ជាពិសេសនៅតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងកម្រិតទាប។
យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺអាមេរិក US-CDC ប្រជាជននៅទូទាំងសហរដ្ឋអាមេរិកសរុប៤៦.១ភាគរយ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19។ មានរដ្ឋអាមេរិកចំនួន៥ ដែលមានអត្រាចាក់វ៉ាក់សាំងបង្កទាបៗជាងគេ នោះគឺអាឡាបាម៉ា (Alabama), អាកានសាស់ (Arkansas), ល្វីសសៀណា (Louisiana), មីស្សីស្សីពី (Mississippi) និងវាយយ៉ូមីង (Wyoming)។ ប្រជាជននៅតាមរដ្ឋទាំង៥នេះ មិនដល់៣៥ភាគរយឡើយ ដែលចាក់វ៉ាក់សាំងការពារបានគ្រប់ដូស។
គួរបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងទូទាំងប្រទេសខាងលើ ហាក់ស្ថិតនៅឆ្ងាយនៅឡើយពីអត្រា៧០-៨៥ភាគរយ នៃចំនួនប្រជាជនសរុប ដែលក្រុមអ្នកជំនាញអាមេរិក រួមមានលោក Anthony Fauci ជាដើម បានប៉ាន់ប្រមាណថា ទំនងជាអត្រាចាំបាច់ ដើម្បីអាចទប់ទល់ក៏ដូចជាគ្រប់គ្រង COVID-19 ដោយប្រសិទ្ធភាព។
បើតាមលោក Gottlieb ខណៈបច្ចុប្បន្នអត្រាចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក បាននិងកំពុងថយចុះក៏ដោយ លោកជឿថាពលរដ្ឋអាមេរិក ដែលមិនទាន់បានចាក់វ៉ាក់សាំង ច្បាស់ជានឹងសម្រេចចិត្តទៅទទួលការចាក់វ៉ាក់សាំង ក្នុងពេលឆាប់ៗ ព្រោះពួកគេនឹងត្រូវត្រឡប់ទៅចូលសាលារៀន ព្រមទាំងបំពេញការងារវិញ នៅរដូវស្លឹកឈើជ្រុះ នាពេលខាងមុខ៕