(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០,៧៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៣៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥១១,៦៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៩,៥៩៥នាក់ និងជាសះស្បើយឡើងសរុប ២៨,៩៦២,៨៤៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អាជ្ញាធរអាមេរិកនៅតែបន្តជំរុញឲ្យប្រជាជន ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង ប្រញាប់រួសរាន់ទៅទទួលការចាកវ៉ាក់សាំង ព្រោះពេលនេះវីរុស COVID-19 បម្លែងថ្មីៗ ជាពិសេសគឺ Delta កំពុងធ្វើឲ្យពិភពលោកទាំងមូល រួមទាំងសហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំង ចំពោះឥទ្ធិពលនៃការចម្លងដ៏លឿនរហ័សរបស់វា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៩.២៦លាននាក់ (៥៤.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៥៣លាននាក់ (៤៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕