(ស៊ីដនី)៖ ទីក្រុង ភើតស៍ (Perth) ដែលស្ថិតនៅភាគនិរតីនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមការបិទខ្ទប់របស់ខ្លួនហើយ គិតចាប់តាំងពីពេលរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta) ដែលត្រូវបានគេស្គាល់ថា ជាវីរុសមានប្រភពដើមនៅឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារនេះ។
ការបិទខ្ទប់ទីក្រុង Perth ស្ថិតនៅភាគនិរតី គឺបានកើតមានឡើង បន្ទាប់ពីការសម្រេចបិទខ្ទប់ទីក្រុង ដរវីន (Darwin) នៅភាគខាងជើង និងទីក្រុង ស៊ីដនី (Sydney) នៅភាគអាគ្នេយ៍។ មុននឹងការសម្រេចចិត្តបែបនេះ ទីក្រុង Perth បានរាយការណ៍ពីការរកឃើញ អ្នកឆ្លងវីរុសថ្មីៗចំនួន ០៣ករណី ហើយករណីទាំងនេះមានជាប់ពាក់ព័ន្ធ ទៅនឹងការផ្ទុះករណីឆ្លងនៅទីក្រុង Sydney។
គួរបញ្ជាក់ថា ការបិទខ្ទប់នៅទីក្រុង Perth និងតំបន់ក្បែរខាងមួយទៀតគឺ ភាល (Peel) កំពុងបង្ខំឲ្យប្រជាជនជាង ២លាននាក់ ព្យាយាមស្នាក់នៅក្នុងលំនៅឋាន សម្រាប់រយៈពេល ០៤ថ្ងៃ ដើម្បីទុកឱកាសឲ្យអាជ្ញាធរធ្វើការតាមដាន រកប្រភពដើមនៃករណីឆ្លងថ្មីៗខាងលើនេះ។
ការបិទខ្ទប់ទីក្រុងធំៗនៅប្រទេសអូស្ត្រាលី កំពុងធ្វើឲ្យប្រជាជនជាង ២០លាននាក់រងផលប៉ះពាល់ ឬស្មើនឹង ៨០% នៃចំនួនប្រជាជនអូស្ត្រាលីសរុប។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ឲ្យខាងតែបាន នូវការរាតត្បាតដ៏រហ័សនៃវីរុស COVID-19 បម្លែងថ្មី Delta ដែលកំពុងគំរាមកំហែងពិភពលោក កាន់តែខ្លាំងឡើងៗ៕