(ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡានៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីការ៉ាកាស់ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ អាប់ដាឡា (Abdala) អភិវឌ្ឍឡើងដោយប្រទេសគុយបា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។
លោក ផេដ្រូ អាល់មិនឌែរ (Pedro Almendares) តំណាងនៃក្រុមហ៊ុនផលិតវ៉ាក់សាំងគុយបា បាយអូ ឃ្យូបា ហ្វាម៉ា (BioCubaFarma) បានលើកឡើងថា «ការមកដល់នៃវ៉ាក់សាំងដូសដំបូង មកកាន់ប្រទេសវេណេស៊ុយអេឡា គឺពិតជាបង្ហាញយ៉ាងច្បាស់ អំពីការសម្រេចចិត្តរបស់ប្រជាជនគុយបា ដើម្បីសហការជាមួយប្រជាជនក្នុងតំបន់ នៅក្នុងការប្រឆាំងនឹងជំងឺរាតត្បាតសកល (COVID-19)»។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលវេណេស៊ុយអេឡា បានចុះកិច្ចសន្យាជាមួយគុយបា ដើម្បីបញ្ជាទិញវ៉ាក់សាំងសរុប ១២លានដូស ដែលនឹងមកដល់ប្រទេសនេះនៅអំឡុងខែតុលា ឆ្នាំ២០២១។ វ៉ាក់សាំងទាំង ១២លានដូសនេះ នឹងអាចឲ្យវេណេស៊ុយអេឡា ចាក់ជូនប្រជាជនខ្លួនបាន ៤លាននាក់ ព្រោះវ៉ាក់សាំង Abdala របស់គុយបាជាប្រភេទ «ចាក់បីដូស» ខណៈជាកិច្ចចាប់ផ្តើមនេះ គឺវេណេស៊ុយអេឡាបានទទួលតែ ៣០,០០០ដូសសិនប៉ុណ្ណោះ ដែលអាចចាក់ជូនប្រជាជនបាន ១០,០០០នាក់ អាយុចាប់ពី ១៩ឆ្នាំ ដល់ ៨០ឆ្នាំ។
គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្តចុងក្រោយ Abdala ដែលជាវ៉ាក់សាំង ១ ក្នុងចំណោម ៥ របស់គុយបា ត្រូវបានប្រទេសដីកោះមួយនេះអះអាងថា មានសមត្ថភាពទប់ទល់វីរុស COVID-19 បម្លែងថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ហើយវាមានប្រសិទ្ធភាពរហូតដល់ទៅ ៩២% ឯណោះ៕