(ចិន)៖ ប្រទេសចិន បានចាប់ផ្តើមប្រតិបត្តិការស្ថានីយទំនប់វារីអគ្គីសនី ធំជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក នាថ្ងៃចន្ទនេះ, នៅក្នុងអ្វីដែលក្រុមមន្ត្រី បានអបអរសាទរ ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបោន របស់ទីក្រុងប៉េកាំង ទោះបីជាមានការព្រមាន ពីការខូចខាតបរិស្ថានក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ស្ថានីយទំនប់វារីអគ្គីសនី Baihetan Hydropower Station កម្ពស់២៨៩ម៉ែត្រ ស្ថិតនៅភាគខាងត្បូងឆៀងខាងលិចប្រទេសចិននេះ, ជាទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីទំនប់វារីអគ្គីសនី Three Gorges Dam របស់ចិនផងដែរនោះ។
Baihetan ត្រូវបានសាងសង់ឡើង ជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គីសនី សរុប១៦.០០០មេហ្គាវ៉ាត់, ដែលមានន័យថា វានឹងអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗម្តង ដើម្បីបំពេញតម្រូវការថាមពល ដល់មនុស្ស៥០០.០០០នាក់ សម្រាប់រយៈពេលមួយឆ្នាំពេញ។
ទំនប់វារីអគ្គីសនីនេះ លាតសន្ធឹងលើជ្រលងភ្នំតូចចង្អៀតមួយ នៅផ្នែកខាងលើនៃទន្លេ Yangtze, ជាទន្លេវែងជាងគេបំផុតរបស់ចិន នៅតាមព្រំដែនដែលងាយនឹងការរញ្ជួយដី រវាងខេត្ត Yunnan និងខេត្ត Sichuan៕