(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបប្រជុំតាមដេអូ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ នៅ ៣ថ្ងៃមុននៃការឈានមកដល់គម្របខួបមួយសតវត្សរ៍ នៃបក្សកុម្មុយនិស្តចិន ក៏ដូចជាក្នុងឱកាសខួបទី ២០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញារុស្ស៊ី-ចិន ស្តីពីអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិជាមិត្តល្អនឹងគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Globle Times នៅយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយ ក្រោយកិច្ចប្រជុំលោក ស៊ី និងលោក ពូទីន បាននិយាយថា ប្រទេសចិននិងរុស្ស៊ីយល់ព្រមអូសបន្លាយពេលសន្ធិសញ្ញាចិន-រុស្ស៊ីស្តីអំពីភាពជាអ្នកជិតខាងល្អ និងមិត្តល្អ។
លោក សុី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ នៅពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ខណៈដែលមនុស្សជាតិកំពុងជួបនឹងវិបត្តិជាច្រើនក្នុងការអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ។
ចំណែកលោក ពូទីន បានអបអរសាទរបក្សកុម្មុយនិស្តចិន (CPC) សម្រាប់គម្រប់ខួបមួយសតវត្សរ៍របស់ខ្លួន ហើយបាននិយាយថាប្រទេសរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរផលប្រយោជន៍គ្នាជាមួយ CPC នៅក្នុងប្រវត្តិសាស្ត្រ ហើយក៏សង្ឃឹមថានឹងបង្កើនការផ្លាស់ប្តូរអន្តរភាគីជាមួយ CPC ទៀតផង។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់ CPC ប្រទេសចិននឹងបង្កើតសមិទ្ធិផលថ្មីៗក្នុងការអភិវឌ្ឍសង្គម និងដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ៕