(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានទទួលស្គាល់ហើយថាមេដឹកនាំកំពូលរបស់ពួកគេ គឺលោក គីម ជុងអ៊ុន ពិតជាបានស្រកទម្ងន់ជាងមុនពិតមែន ខណៈបញ្ហាសុខភាព របស់លោក គីម បាន និងកំពុងក្លាយជាប្រធានបទជជែកដេញដោលយ៉ាងផុលផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសារជាថ្មី។
បើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV ប្រជាជនកូរ៉េខាងជើងទាំងអស់កំពុងតែមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានមើលឃើញលោក គីម ជុងអ៊ុនបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ដោយមានសភាពស្រកទម្ងន់ជាងមុនគួរឲ្យកត់សម្គាល់។ ការបញ្ចេញនូវទឹកចិត្តរបស់ប្រជាជនកូរ៉េខាងជើងចំពោះថ្នាក់ដឹកនាំកំពូលផុតលេខ របស់ពួកគេតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋដ៏កម្របែបនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយអំពីលោក គីម ជុងអ៊ុន ដែលបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំទៅហើយនោះ «មានលក្ខណៈស្រកទម្ងន់គួរឲ្យកត់សម្គាល់» នៅពេលលោកបង្ហាញវត្តមាន កាលពីដើមខែមិថុនានេះ។
បុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍រដ្ឋ KCTV កាលពីចុងសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីបានមើលឃើញ រូបរាងប្រមុខដឹកនាំកំពូលជាទីគោរពរបស់យើង (លោក គីម ជុងអ៊ុន) ស្គមជាងមុន ធ្វើឲ្យបេះដូងប្រជាជនទាំងអស់ខ្លោចផ្សាយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាសុទ្ធតែនិយាយបែបនេះ ហើយទឹកភ្នែករបស់ពួកគេ ក៏បានហូរស្រក់ចុះមក...»។
លោក គីម ជុងអ៊ុនធ្លាប់ត្រូវបានគេរាយការណ៍ថាជាមនុស្សចូលចិត្តជក់បារី និងអាចមានបញ្ហាជំងឺបេះដូងតពូជពីឪពុក និងជីតារបស់លោកគឺលោក គីម ជុងអ៉ីល និងលោក គីម អ៉ីលស៊ុង ដែលអ្នកទាំងពីរសុទ្ធតែទទួលមរណភាពដោយសារជំងឺបេះដូង។
* តើលោក គីម ជុងអ៊ុនស្រកទម្ងន់ដោយសារបញ្ហាសុខភាពឬ?
សារព័ត៌មាន North Korea News គឺជាអ្នករាយការណ៍មុនគេពីការស្រកទម្ងន់របស់លោក គីម ជុងអ៊ុន តាមរយៈការវិភាគ និងប្រៀបធៀបនាឡិកាដៃស្វីសមានតម្លៃ ជាង ១២,០០០ដុល្លារដែលលោក គីម បានពាក់នៅក្នុងពេលចូលរួមកិច្ចប្រជុំបក្សពលករកូរ៉េកាលពីដើមខែមិថុនាកន្លងទៅ។ នាឡិកានេះដែលលោក គីមបានពាក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ហាក់ដូចជារឹតខ្សែតឹងខ្លាំង បើធៀបទៅនឹងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក គីម ជុងអ៊ុនមានកម្ពស់ ១៧០សង់ទីម៉ែត្រ (1.70m) និងមានទម្ងន់១៤០គីឡូក្រាម។ ប៉ុន្តែតាមរូបភាព និងវីដេអូចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង លោក គីម បច្ចុប្បន្នទំនងជាស្រកពី១០ ទៅ២០គីឡូក្រាម។ នេះមិនមែនជាលើកទី១ឡើយដែលបញ្ហាសុខភាព របស់លោក គីម ត្រូវបានគេយកមកចុះផ្សាយយ៉ាងផុលផុស ដោយកាលពីឆ្នាំ២០២០ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថាលោកសន្លប់ស្ដូកស្ដឹងដែរ ហើយខ្លះថែមទាំងថា លោកបានស្លាប់ទៀតផង បន្ទាប់ពីលោកបាត់ខ្លួនអស់ជាច្រើនសប្ដាហ៍។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV មិនបានបង្ហើបអំពីមូលហេតុដែលនាំឲ្យលោក គីម ជុងអ៊ុន ស្រកគីឡូខុសពីធម្មតាបែបនេះទេ។ ទោះជាគ្មានការបញ្ជាក់លម្អិត ឬមិនទាន់ដឹងច្បាស់លាស់ពីស្ថានភាពសុខភាពលោក គីម ពិតមែនក៏ដោយ តែការអនុញ្ញាតឱ្យប្រជាជនកូរ៉េខាងជើងធ្វើអត្ថាធិប្បាយដ៏កម្រចំពោះស្ថានភាពសុខភាពរបស់លោក គីម ត្រូវបានអ្នកជំនាញខ្លះដូចជា លោកស្រី Rachel Minyoung Lee មើលឃើញថាវាជាការឃោសនាមួយដើម្បីលើកមុខមាត់ និងប្រជាប្រិយភាពរបស់ លោក គីម ដោយឱ្យប្រជាជនកូរ៉េខាងជើងដឹងថាលោក គីមបានប្រឹងប្រែងធ្វើការងារដើម្បីប្រទេសជាតិ និងប្រជាជនដោយមិនគិតពីសុខភាពខ្លួនឯងរហូតដល់ ថ្នាក់ស្រកគីឡូ។
លោកស្រី Rachel យល់ឃើញបែបនេះដោយសំអាងលើការទទួលស្គាល់របស់លោក គីម ផ្ទាល់កាលពីពេលថ្មីៗនេះថាផែនការសេដ្ឋកិច្ច ៥ឆ្នាំរបស់លោកបានទទួល បរាជ័យ ហើយសព្វថ្ងៃកូរ៉េខាងជើងកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ដែលបង្កឡើងដោយសារទណ្ឌកម្មអន្តរជាតិ, ការឆ្លងរាតត្បាត COVID-19 នៅជុំវិញ ពិភពលោក និងព្យុះទីហ្វុង។ លោកស្រី Rachel Minyoung Lee ជាអ្នកជំនាញផ្នែកកិច្ចការកូរ៉េខាងជើងមកពីមជ្ឈមណ្ឌល Stimson Center បានគូសបញ្ជាក់ដូច្នេះ ថា៖ «វាពិតជាពិបាកខ្លាំងណាស់ ក្នុងការនិយាយថាតើហេតុអ្វីបានជាលោក គីម ជុងអ៊ុន ស្រកទម្ងន់ ឬថាតើសុខភាពរបស់ស្ថិតនៅក្នុងលក្ខខណ្ឌបែបណា ប៉ុន្តែពេលនេះ ពួកគេបានប្រើប្រាស់ស្ថានភាពបែបនេះក្រោមហេតុផលឃោសនា ជាពិសេសគឺប្រាប់ឱ្យប្រជាជនកូរ៉េខាងជើងបានដឹងថាគាត់ (លោក គីម) បានខិតខំធ្វើការ និងលះបង់គ្រប់យ៉ាងដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង»។
ដូចគ្នានឹងលោកស្រី Rachel លោក Hong Min ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានកូរ៉េខាងត្បូងដើម្បីការផ្សះផ្សាជាតិ ក៏យល់ឃើញដូចគ្នាដែរថាការស្រកទម្ងន់របស់ លោក គីម ទំនងជាលោកចង់ធ្វើឱ្យសុខភាពខ្លួនឯងល្អប្រសើរឡើង ជាជាងស្រកទម្ងន់ដោយសារជំងឺណាមួយ។ «បើសិនជាគាត់ (លោក គីម ជុងអ៊ុន) មានបញ្ហាសុខភាពពិតមែន លោកប្រហែលជាមិនបង្ហាញខ្លួនជាសាធារណៈ ឬកោះប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េនោះទេ»។ នេះជាការ បញ្ជាក់របស់លោក Hong Min។
*ហេតុអ្វីបញ្ហាសុខភាពលោក គីម ជុងអ៊ុន ជារឿងសំខាន់?
សុខភាពលោក គីម ជុងអ៊ុនគឺជាបញ្ហាដ៏សំខាន់ដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនតែងតែតាមដានជានិច្ចមិនហ៊ានព្រិចភ្នែក ពីព្រោះកូរ៉េខាងជើងជាប្រទេស មានអាវុធនុយក្លេអ៊ែរ ដែលនេះវាមានជាប់ពាក់ព័ន្ធនឹងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ លោក គីម ជុងអ៊ុនមិនដែលបង្ហើប ឬក៏តែងតាំងនរណាម្នាក់ឱ្យបន្តវេនពីរូបលោកនោះទេ ។
អ្នកជំនាញម្នាក់មកពីវិទ្យាស្ថានសិក្សាពីកូរ៉េខាងជើង មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល លោក Seo Yu-Seok មានការយល់ឃើញផ្ទុយពីលោកស្រី Rachel Minyoung Lee និងលោក Hong Min។ លោក Seo Yu-Seok យល់ថាការបង្កើតតំណែងលេខាទីមួយនៃគណបក្សពលករកូរ៉េ ឬមានតំណែងស្មើនឹងបងទី២ នៅកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ អាចបង្ហាញបានថាការសម្រេចចិត្តរបស់លោក គីម វាអាចមានជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោកផ្ទាល់ក៏ថាបាន។ លោក Seo បន្ថែមថា លោក គីម ជុងអ៊ុន ប្រហែលជាអនុញ្ញាតឱ្យមានការតែងតាំងតំណែងលេខាទី១មួយនេះតាមការជំរុញពីមន្ត្រីកូរ៉េខាងជើងកំពូលៗ ក៏ប៉ុន្តែលោកមិនទាន់សម្រេចចិត្ត ថាតើត្រូវតែងតាំងនរណាឱ្យអង្គុយតំណែងនេះនៅឡើយទេ ពីព្រោះលោកបារម្ភខ្លាចអំណាចរបស់លោកត្រូវបានគេបន្សាប។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ពោលគឺអំឡុងពេលលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាព ក្រោយបាត់ខ្លួនអស់ជាច្រើនសប្ដាហ៍ អ្នកវិភាគ ភាគច្រើនជឿជាក់ថាប្អូនស្រីរបស់លោក គីម គឺអ្នកនាង គីម យូចុង ជាមនុស្សម្នាក់ដែលអាចនឹងបន្តកាន់តំណែងមេដឹកនាំកំពូលកូរ៉េខាងជើង ក្នុងករណីមានបញ្ហា ណាមួយកើតឡើងលើលោក គីម៕
ប្រភព៖ AP, Bloomberg (ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១)