(ឡង់ដ៍)៖ អាជ្ញាធរទីក្រុងហុងកុងនឹងហាមឃាត់រាល់ជើងហោះហើររបស់អ្នកដំណើរពីចក្រភពអង់គ្លេស ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានចាត់ទុកប្រទេសនេះថាជាប្រទេសមាន «ហានិភ័យខ្ពស់បំផុត» នៃជំងឺកូវីដ១៩ ខណៈដែលដែនដីមួយនេះបានបន្ធូរបន្ថយការទាមទារចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីតំបន់ផ្សេងៗទៀតនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Bloomberg នៅយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋាភិបាលហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា «ចាប់ពីម៉ោង ០:០០ ព្រឹកថ្ងៃ ទី០១ ខែកក្កដា (ម៉ោងនៅហុងកុង) រាល់ជើងហោះហើរអ្នកដំណើរពីចក្រភពអង់គ្លេសនឹងត្រូវហាមឃាត់មិនឲ្យចុះចត»។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយមើលឃើញពីការស្ទុះងើបឡើងវិញ នៃជំងឺឆ្លងកូវីដ១៩ នាពេលថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេស និងការរីករាលដាលនៃវីរុសបម្លែងថ្មី Delta នៅទីនោះ រួមជាមួយនឹងករណីមួយចំនួននៃវីរុស L452R ដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីចក្រភពអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលស្ថិតនៅក្នុងប្រភេទហានិភ័យខ្ពស់បំផុតរបស់ហុងកុង ក្នុងនោះរួមមានដូចជាប្រទេសប្រេស៊ីល, ឥណ្ឌា, ឥណ្ឌូនេស៊ី, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន និងអាហ្វ្រិកខាងត្បូង៕