(ឌូបៃ)៖ អាជ្ញាធរសុខាភិបាលអេមីរ៉ាតរ៉ាប់រួមបាននិយាយថាករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ថ្មីៗនៅក្នុងប្រទេស គឺភាគច្រើនជាករណីឆ្លងវីរុសបម្លែងខ្លួនថ្មីដែល នាំឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ជាច្រើននាក់ដោយសារវីរុសដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់សារព័ត៌មាន Reuters ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់ ដែលវាជាចំនួន អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីខែមីនាមក ហើយការស្លាប់នេះទៀតសោត បង្កឡើងដោយការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Beta, Delta និង Alpha។

វីរុស COVID-19 បម្លែងខ្លួនថ្មី Beta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសអាហ្វ្រិកខាងត្បូង) ជាវីរុសមានច្រើនជាងគេនៅអាមីរ៉ាតអារ៉ាប់រួម ដែលមានចំនួន ៣៩.២ភាគរយនៃករណីឆ្លងសរុប ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) មានចំនួន ៣៣.៩ ភាគរយ និងវីរុស COVID-19 បម្លែងខ្លួនថ្មី Alpha (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីចក្រភពអង់គ្លេស) មានចំនួន ១១.៣ភាគរយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ អេមីរ៉ាតអារ៉ាប់រួមបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៦២៦,៩៣៦ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៩៦នាក់ និងអ្នកជាសះស្បើយ ៦០៥,៦១៨នាក់៕