(ដាក្កា)៖ មនុស្សរាប់ពាន់នាក់ មិនអាចធ្វើដំណើរទៅណាបាន នៅក្នុងរដ្ឋធានីដាក្កានៃប្រទេសបង់ក្លាដែស នាថ្ងៃចន្ទនេះ ស្របពេលដែលអាជ្ញាធរបានផ្អាក មធ្យោបាយដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់ មុនពេលត្រូវអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងមួយ ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលបង់ក្លាដែស ទើបតែបានប្រកាសវិធានការបិទខ្ទប់ (lockdown) យ៉ាងតឹងរ៉ឹងសាជាថ្មី នៅទូទាំងប្រទេស។ នៅត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មួយភាគធំនៃប្រជាជនទាំង ១៦៨លាននាក់ របស់ប្រទេសអាស៉ីខាងត្បូងមួយនេះ នឹងត្រូវស្ថិតក្នុងលំនៅឋាន ហើយមានតែសេវាកម្មចាំបាច់ និងរោងចក្រនាំចេញមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ។

សេចក្តីប្រកាសខាងលើ បានបណ្តាលឲ្យក្រុមកម្មករចំណាកស្រុកយ៉ាងច្រើនសម្បើម នាំគ្នារួសរាន់ធ្វើដំណើរចាកចេញពីរដ្ឋធានីដាក្កា ទៅកាន់ស្រុកកំណើតពួកគេវិញភ្លាមៗ កាលពីថ្ងៃអាទិត្យម្សិលមិញ។ សម្រាប់នៅថ្ងៃចន្ទនេះ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ ក្នុងទីក្រុងដាក្កា ក៏បានប្រឈមនឹងបញ្ហាពុំមានមធ្យោបាយធ្វើដំណើរ ទៅកាន់កន្លែងបំពេញការងារផងដែរ ដោយសារមធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានផ្អាកស្ទើរទាំងអស់រួចបាត់ទៅហើយ ប៉ុន្តែកន្លែងធ្វើការរបស់ពួកគេ នៅមិនទាន់បិទនៅឡើយទេ រហូតទាល់តែដល់ថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ការរឹតត្បិតលើសកម្មភាព និងការធ្វើដំណើរ ត្រូវបានអនុវត្តនៅទូទាំងប្រទេសបង់ក្លាដែស ជាលើកដំបូង កាលពីពាក់កណ្តាលខែមេសាកន្លងទៅ នៅពេលអត្រាឆ្លងរាលដាល និងស្លាប់ដោយសារ COVID-19 បានលោតដល់កម្រិតខ្ពស់បំផុត។ ទោះជាយ៉ាងណាក្តី ស្ថានការណ៍ហាក់បានអន់ថយកាលពីខែឧសភា ប៉ុន្តែមកដល់ខែមិថុនានេះ វាក៏បានស្ទុះឡើងវិញ។ បង់ក្លាដែសមានករណីឆ្លងសរុបនៃ COVID-19 ចំនួនជាង ៨៨០,០០០នាក់ ក្នុងនោះស្លាប់ជាង ១៤,០០០នាក់៕