(ប៉េកាំង)៖ បើនិយាយពីអរិយប្រទេសបុរាណនៅអាស៊ី យើងរមែងតែងនឹកឃើញដល់ប្រទេសចិន ដែលមានប្រវត្តិសាស្ត្រជាង៥ពាន់ឆ្នាំ មកហើយ។ បើនិយាយពីមហាអំណាចសេដ្ឋកិច្ចពិភពលោក យើងក៏នឹងនឹកឃើញដល់ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទ២ លើពិភពលោក ដែលត្រូវគេប្រសិទ្ធនាមថាជា «នាគយក្សនៅអាស៊ី»។ បើនិយាយពីប្រទេសខ្លាំងខាងវិស័យអវកាស ប្រទេសចិនដែលទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យនេះ ក៏ទទួលបានការកត់សម្គាល់ខ្លាំង ពីសំណាក់ពិភពលោកទាំងមូលផងដែរ។
យ៉ាងណាមិញ ការទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ មិនមែនជារឿងមួយថ្ងៃពីរនោះទេ ពោលគឺប្រទេសចិន បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ រាប់ទាំងសង្គ្រាមរ៉ាំងរ៉ៃក្នុងស្រុក និងការឈ្លានពានពីបរទេស ហើយត្រូវប្រើពេលជិតមួយសតវត្សរ៍ ដើម្បីស្តារភាពរុងរឿងថ្កុំថ្កើងរបស់ខ្លួនឡើងវិញ។
សង្គមសក្តិភូមិដែលមានរយៈពេលជាង ២,៣០០ឆ្នាំ បានចារឹកនូវភាពរុងរឿង ដុនដាប ផ្អែមល្អែម និងល្វីងជូរចត់ក្នុងប្រវត្តិសាស្ត្រចិន។ ចំណែកឯការបង្កើតបក្សកុម្មុយនិស្តចិន អាចនិយាយបានថាជាតក្កកម្មដ៏អច្ឆរិយមួយ ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ចិន។
ចាប់តាំងពីបានក្លាយជាបក្សកាន់អំណាចមក បក្សកុម្មុយនិស្តចិនបាននាំមកនូវ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ដែលបានដឹកនាំប្រជាជនទូទាំងប្រទេសហែលឆ្លងពីភាពលំបាកវេទនា ដើម្បីឆ្ពោះទៅរកត្រើយនៃភាពសម្បូរសប្បាយ និងប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើមុខស្មើមាត់ប្រទេសមហាអំណាចលើពិភពលោក។
ពិសេសក្នុងសមាជលើកទី១៥ របស់ខ្លួន បក្សកុម្មុយនិស្តចិនបានដាក់ចេញ នូវទិសដៅការងារសំខាន់មួយគឺ «១០០ឆ្នាំចំនួនពីរ» ពោលគឺក្នុងឱកាសខួប ១០០ឆ្នាំរបស់បក្ស នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែវិវឌ្ឍន៍រីកចម្រើន របបគ្រប់គ្រងកាន់តែមានសុក្រឹតភាព។ លុះដល់ពាក់កណ្តាលសតវត្សរ៍នេះដែលជាខួបទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវសម្រេចឱ្យបានជាមូលដ្ឋាន នូវការធ្វើទំនើបកម្មប្រទេសជាតិ ពោលគឺកសាងជាប្រទេសសង្គមនិយម ដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ សុខដុមនីយកម្ម និងអរិយធម៌។
ក្នុងនោះ ការសម្រេចបាននូវការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២០ គឺជាការសម្រេចបាននូវគោលដៅតស៊ូ ១០០ឆ្នាំទីមួយ។ បន្ទាប់មកធ្វើកិច្ចខិតខំប្រឹងប្រែង ១៥ឆ្នាំទៀត ពោលគឺសម្រេចបាន នូវការកសាងជាប្រទេសសង្គមនិយមទំនើបនៅឆ្នាំ២០៣៥។ ពីឆ្នាំ២០៣៥ ដល់ពាក់កណ្តាលសវត្សរ៍នេះ ពោលគឺនៅរង្វង់ឆ្នាំ២០៤៩ នឹងសម្រេចបាននូវគោលដៅតស៊ូ ១០០ឆ្នាំទីពីរ។
ដូចអ្វីដែលយើងទាំងអស់គ្នាបានមើលឃើញហើយ គឺកាលពីឆ្នាំមុន ប្រទេសចិនបានសម្រេចភារកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួន ក៏ដូចជាភារកិច្ចក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិផងដែរ ពោលគឺរាប់តាំងពីការធ្វើកំណែទម្រង់និងបើកទូលាយ នៅឆ្នាំ១៩៧៨ មក បានធ្វើឱ្យប្រជាជនក្រីក្រជិត ៨រយលាននាក់ចេញផុតពីភាពក្រីក្រ។
ពិសេសគឺចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ នាចុងឆ្នាំ២០១២ មកទល់ចុងឆ្នាំ២០២០ ប្រទេសចិនបានកាត់បន្ថយប្រជាជនក្រីក្រជិតមួយរយលាននាក់ ដែលបានធ្វើឱ្យប្រជាជនក្រីក្រស្ថិតក្រោមខ្សែបន្ទាត់ស្តង់ដាក្រីក្រ ដែលប្រទេសចិនបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ចេញផុតពីភាពក្រីក្រទាំងស្រុង ដែលត្រូវជាចំនួន៧០ភាគរយ នៃការកាត់បន្ថយចំនួនប្រជាជនក្រីក្រ នៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា។ សមិទ្ធផលនេះសម្រេចបានមុនការកំណត់ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិរហូតដល់ទៅ១០ឆ្នាំ។
សមិទ្ធផលកាត់បន្ថយភាពក្រីក្ររបស់ចិន មិនត្រឹមតែបានធ្វើឱ្យប្រជាជនរបស់ខ្លួន មានជីវភាពរស់នៅសម្បូរសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដ៏ធំធេង ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោកផងដែរ ពោលគឺក្នុងបរិបទជំងឺកូវីដ-១៩ និងកំណើននៃជនក្រីក្រដាច់ខាតនៅទូទាំងពិភពលោក ភាពជោគជ័យនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន បាននាំមកនូវបទពិសោធន៍ និងជំនឿចិត្តសម្រាប់ពិភពលោក។
យើងងាកមកមើលពីវិស័យអវកាសវិញ កាលពីសម័យបុរាណ ប្រជាជនចិនមានក្តីស្រមៃដ៏ល្អបវរ ចំពោះទិដ្ឋភាពនៅលើលំហអវកាស។ តាមរយៈវណ្ណកម្មអក្សរសិល្ប៍រាប់មិនអស់ ពិសេសតាមរយៈរឿងទេវកថាដូចជារឿង «ព្រះនាងឆាងអឺ» រឿង «លោកគ្រូថាំងចេងទៅចម្លងធម៌» រឿង «ទេវបុត្រណាចា»។ល។ យើងបានមើលឃើញពីការនិម្មិតឡើង នូវទិដ្ឋភាពឋានសួគ៌ ឋានព្រះចន្ទ និងឋានបរមសុខជាដើម ដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនចិន ពីមួយជំនាន់ទៅមួយជំនាន់ ដែលចង់ដឹងចង់ឮថាតើ នៅលើទីអវកាសមានអ្វីខុសប្លែកពីភពផែនដីរបស់យើងទៅ?
យ៉ាងណាមិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្តីសុបិនទៅកាន់ទីអវកាសរបស់ប្រជាជនចិន បានក្លាយជាការពិតម្តងហើយម្តងទៀត។ យានអវកាស Shenzhou បានដឹកមនុស្សទៅកាន់ទីអវកាស, យានអវកាស Chang’e បានទៅរុករកនៅភពព្រះចន្ទ, យានអវកាស Tianwen បានទៅរុករកនៅភពព្រះអង្គារ ចំណែកឯស្ថានីយអវកាសវិញ បាននិងកំពុងលេចចេញជារូបរាងជាសន្សឹមៗ។ល។ ទាំងនេះគឺជារឿងអច្ឆរិយដែលប្រទេសចិនថ្មី (សាធារណរដ្ឋប្រជាមានិតចិន) បានបង្កើតឡើងក្នុងអំឡុងពេលតែជាង៧០ឆ្នាំប៉ុណ្ណោះ ដែលញ៉ាំងឱ្យពិភពលោកទាំងមូល អត់ទ្រាំមិនស្ញើចសរសើរពុំបាន។
«ល្បឿនប្រទេសចិន» គឺជាភស្តុតាងដ៏រឹងមាំមួយ ដែលបញ្ជាក់ពីការអភិវឌ្ឍដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ រថភ្លើងល្បឿនលឿន អាចនិយាយបានថាជា នាមបណ្ណថ្មីនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករបស់ប្រទេសចិន ដែលមានប្រវែងសរុបវែងជាងគេបង្អស់លើពិភពលោក និងមានល្បឿនស្ថិតនៅជួរមុខលើពិភពលោក ។
«ល្បឿនប្រទេសចិន» ក៏បានស្តែងឡើងយ៉ាងលេចធ្លោផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លើកនេះ។ ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ហើយថា ប្រទេសចិនបានយកឈ្នះលើជំងឺកូវីដ-១៩ មុនគេបង្អស់លើពិភពលោក ដោយស្តារសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ ក្នុងរយៈពេលតែជិតពីរខែប៉ុណ្ណោះ។ ចំណែកឯការចាក់វ៉ាក់សាំងវិញ ក៏មានល្បឿនគួរឱ្យកត់សម្គាល់ដែរ គិតរហូតមកទល់បច្ចុប្បន្ន បានចាក់វ៉ាក់សាំងជូនប្រជាជនសរុបជាង ១,១០០លានដូសហើយ ។
ចាប់ពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់វ៉ាក់សាំងនិងឱសថសង្គ្រោះជីវិត «ផលិតកម្មចិន» (Made in China) បានក្លាយជា «ម៉ាក» មួយ ដែលត្រូវបានទទួលស្គាល់ពីពិភពលោក។ មិនថានៅបូព៌ាប្រទេសឬបស្ចិមប្រទេសនោះទេ យើងតែងអាចមើលឃើញ ផលិតផលចិនគ្រប់បែបយ៉ាង មានទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍អេឡិចត្រូនិកទំនើប និងឧបករណ៍បច្ចេកវិទ្យាខ្ពស់ជាដើម ដែលបង្ហាញពីដំណើរវិវឌ្ឍន៍រីកចម្រើន នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រទេសចិន។
នយោបាយសុខដុមនីយកម្ម ចែករំលែក សហប្រតិបត្តិការ ឈ្នះ-ឈ្នះនិងអភិវឌ្ឍន៍រួមរបស់បក្សកុម្មុយនិស្តចិន បានញ៉ាំងឱ្យមនុស្សកាន់តែច្រើនឡើងៗ លើពិភពលោកមើលឃើញពី តម្លៃនិងអត្ថប្រយោជន៍នៃពហុភាគីនិយម និងតួនាទីរបស់ចិនចំពោះសន្តិភាព និងស្ថិរភាពនៃពិភពលោក។ ក្នុងនាមជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចពិភពលោក ជានិច្ចកាលប្រទេសចិន តែងតែបាននាំមកនូវទំនុកចិត្តដ៏មុតមាំ សម្រាប់សហគមន៍អន្តរជាតិ។
កង់ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មី កំពុងរំកិលទៅមុខជាសន្សឹមៗ បក្សកុម្មុយនិស្តចិនដែលបានចាប់បដិសន្ធិឡើង នៅលើកូនទូកក្រហម ហើយបានចម្រើនលូតលាស់ ទៅជានាវាយក្សដែលអាចបរកាត់រលកសមុទ្រធំៗ និងជួយបាំងព្យុះភ្លៀងជូនប្រជាជនទូទាំងប្រទេស បាននិងកំពុងបន្តដឹកនាំប្រជាជនរបស់ខ្លួនឆ្ពោះ ទៅរកត្រើយនៃភាពបវររុងរឿង ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើន ថែមទៀតជូនពិភពលោកទាំងមូលផងដែរ៕
(អត្ថបទដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)