(បាងកក)៖ ប្រទេសថៃ នៅថ្ងៃចន្ទនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Beta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសអាហ្វ្រិកខាងត្បូង) ជាលើកដំបូងបង្អស់ នៅក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
លទ្ធលផលនៃការស៊ើបអង្កេតបឋម បានរកឃើញថា អ្នកជំងឺម្នាក់នោះធ្លាប់មានទំនាក់ទំនងជាមួយករណីឆ្លងនៅខេត្ត ណារ៉ាធីវ៉ាត (Narathiwat) ភាគខាងត្បូងប្រទេសថៃ។ វាជាករណីដំបូងបំផុតដែលវីរុសបម្លែងថ្មី Beta ត្រូវបានរកឃើញនៅរាជធានីរបស់ថៃបែបនេះ ខណៈកន្លងមកវីរុសបម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញរាប់រយករណីរួចមកហើយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយត្រូវគេជឿថា ឆ្លងចូលមកពីម៉ាឡេស៉ី។
នាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះ ជុំវិញវីរុសបម្លែងថ្មី Beta ខាងលើ។ ដោយឡែក ចង្កោមករណីឆ្លងជំងឺ COVID-19 ចំនួន១១ ក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងទីក្រុងនិងខេត្តចំនួន០៨ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយអាជ្ញាធរថៃកំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើរោងចក្រ ផ្សារ និងជំរុំសំណង់ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
ក្នុងចំណោមចង្កោមករណីឆ្លង មាន០៤ចង្កោម ត្រូវបានរាយការណ៍ចេញពីទីក្រុងបាងកក ខណៈ០៧ករណីទៀត ត្រូវបានរាយការណ៍ចេញពី រោងចក្រកាត់ដេរមួយក្នុងស្រុក Krathum Baen ខេត្ត Samut Sakhon, ផ្សារមួយក្នុងស្រុក Pak Kret ខេត្ត Nonthaburi, ផ្សារមួយក្នុងស្រុក Muang ខេត្ត Chon Buri, រោងចក្រឧបករណ៍អេឡិចត្រូនិកក្នុងស្រុក Bang Pa-in ខេត្ត Ayutthaya, រោងចក្រគ្រឿងបន្លាស់មេកានិចក្នុងស្រុក Muang ខេត្ត Lop Buri, ការិយាល័យធនធានធម្មជាតិក្នុងស្រុក Muang ខេត្ត Suphan Buri, និងមជ្ឈមណ្ឌលបណ្តុះបណ្តាលប៉ូលីសក្នុងស្រុក Muang ខេត្ត Surat Thani៕