(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ហួនស៍ គ្លោបល (Huons Global Co) បានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុនសម្ពន្ធរបស់ខ្លួនមានផែនការ ចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 ស្ពឹតនីក ឡៃត៍ (Sputnik Light) ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
ក្រុមហ៊ុន Huons Global កាលពីខែមេសាកន្លងទៅ ក៏ធ្លាប់បានប្រកាសដែរថា ខ្លួននឹងផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ១០០លានដូស សម្រាប់ការនាំចេញ ខណៈទីក្រុងម៉ូស្គូកំពុងស្វះស្វែងបង្កើន ការផលិតវ៉ាក់សាំងរបស់ខ្លួន ឆ្លើយតបទៅនឹងកំណើនតម្រូវការ។
បើតាមក្រុមហ៊ុន Huons Global ក្រុមហ៊ុនសម្ពន្ធរបស់ខ្លួននឹងចាប់ផ្ដើម ផលិតសំណាកនៃវ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sputnik Light នៅខែសីហាខាងមុខនេះ តបតាមកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានបន្ថែមទៀតថា នឹងបង្កើនសមត្ថភាពផលិត ហើយមានគោលដៅផលិតវ៉ាក់សាំងឱ្យបាន ៣០លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបច្ចុប្បន្នបានអនុម័ត ឱ្យប្រើប្រាស់សម្រាប់វ៉ាក់សាំង COVID-19 ចំនួន ០៤ រួចមកហើយ ក្នុងនោះរួមមានវ៉ាក់សាំង AstraZeneca, Pfizer, Johnson & Johnson និង Moderna ប៉ុន្តែនៅមិនទាន់ត្រួតពិនិត្យលើវ៉ាក់សាំង Sputnik V ឬ Sputnik Light ដើម្បីអនុម័តឱ្យប្រើប្រាស់នៅឡើយទេ៕