(ប៉ាគីស្ថាន)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ហ្សាហ៍ ម៉ាហ៍មូដ គូរែស៉ី (Shah Mahmood Qureshi) បាននិយាយថា អំពើហិង្សា និងភាពអនាធិបតេយ្យ អាចនឹងកើតមាននៅទូទាំងអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញវិញ ហើយថាប្រទេសប៉ាគីស្ថាន នឹងបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសនេះ ប្រសិនបើក្រុមឧទ្ទាមតាលីបង់ (Taliban) ឡើងគ្រប់គ្រងអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
លោក Shah Mahmood Qureshi បានគូសបញ្ជាក់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដែលបានធ្វើឡើងនៅភាគកណ្តាលទីក្រុង មុលតាន (Multan) ថា ប្រទេសប៉ាគីស្ថាន បានទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣.៥លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនឹងមិនទទួលយកទៀតទេ។
លោក Shah Mahmood Qureshi បានគូសបញ្ជាក់បន្ថែមថា «យើងមិនអាចទទួលយកពួកគេបន្ថែមទៀតទេ យើងនឹងត្រូវបិទព្រំដែនរបស់យើង ព្រោះយើងក៏ត្រូវតែការពារផលប្រយោជន៍ជាតិរបស់យើងដែរ»។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសប៉ាគីស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីសន្តិភាពនៅក្នុងប្រទេស និងស្វាគមន៍មេដឹកនាំដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីគេចចេញពីការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធ មូចាហ៊ីឌីន (Mujahideen) បន្ទាប់ពីការដកទ័ពសូវៀតចេញ កាលពីឆ្នាំ១៩៨៩។
ក្រុមឧទ្ទាមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ពួកគេត្រូវបានបណ្តេញចេញ ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏អាក្រក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមឧទ្ទាមតាលីបង់បានវាយលុកស្រុកជាច្រើន នៅភាគខាងត្បូង និងខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយការគំរាមកងកម្លាំងសន្តិសុខ រដ្ឋាភិបាលទីក្រុងកាបុលឱ្យព្រមចុះចាញ់ និងរឹបអូសយកអាវុធ ព្រមទាំងរថពាសដែករបស់ពួកគេផងដែរ៕