(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៧៤០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤៩៤,៦៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៩,៤២៤នាក់ និងជាសះស្បើយឡើងសរុប ២៨,៩២៧,៣៣៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រុមអ្នកជំនាញអាមេរិកកាន់តែច្រើន បានលើកឡើងពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រព័ន្ធសុំាប្រឆាំង នឹងវីរុសបម្លែងថ្មី Delta។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៨.៩លាននាក់ (៥៤.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥២.២លាននាក់ (៤៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕